សហរដ្ឋអាមេរិក៖ មនុស្សយ៉ាងហោចណាស់ ៤៦នាក់ដែលត្រូវគេជឿថាជាជនអន្តោប្រវេសន៍ ត្រូវបានរកឃើញស្លាប់នៅក្នុងរថយន្តដែលត្រូវគេទុកចោលនៅតំបន់ដាច់ស្រយាលនៃទីក្រុង San Antonio រដ្ឋ Texas សហរដ្ឋអាមេរិក។

មន្ត្រីផ្នែកពន្លត់អគ្គិភ័យម្នាក់បាននិយាយថា មនុស្សចំនួន ១៦នាក់រួមទាំងកុមារ ៤នាក់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ។ អ្នកនៅរស់រានមានជីវិតមានអាការៈក្ដៅខ្លួនខ្លាំង សន្លប់ និងខ្សោះខ្លួន។ ទីក្រុង San Antonio ដែលស្ថិតនៅចម្ងាយ ២៥០គីឡូម៉ែត្រពីព្រំដែនអាមេរិក-ម៉ិកស៊ិកគឺជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់អ្នករត់ពន្ធមនុស្ស។ ក្រុមអ្នករត់ពន្ធមនុស្សជារឿយៗប្រើរថយន្តដឹកទំនិញ ដើម្បីដឹកជញ្ជូនក្រុមជនអន្តោប្រវេសន៍គ្មានឯកសារត្រឹមត្រូវ បន្ទាប់ពីជួបពួកគេនៅតំបន់ដាច់ស្រយាលនានា នៅពេលពួកគេព្យាយាមឆ្លងចូលទឹកដីសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន