ភ្នំពេញ៖ ក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានពន្លឿនដំណើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស អញ្ជើញមកទទួលការចាក់វ៉ាក់សាំងដូសជំរុញ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ។
បើតាមឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះថា បើគិតត្រឹមល្ងាចថ្ងៃទី២៧ ខែមិថុនា ចំពោះប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសជំរុញទី៣ បានចំនួន១០៤% រីឯដូសជំរុញទី៤ បានចំនួន៧៦,៧០% ។ចំណែកដូសជំរុញទី៥ ប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងមានការយឺតយ៉ាវ គឺចាក់វ៉ាក់សាំងបានចំនួនតែ ២,៨%ប៉ុណ្ណោះ។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង អញ្ជើញមកទទួលចាក់វ៉ាក់សាំងដូសជំរុញទី៥ តាមវេណនិងកាលកំណត់របស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ពីក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានបង្ហាញពីការសប្បាយចិត្ត និងកក់ក្តៅព្រមទាំងមានសុវតិ្ថភាពនៅពេលទទួលបានវ៉ាក់សាំងគ្រប់ដូស និងសូមគោរពអរគុណជូនចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
ទន្ទឹមនឹងនោះប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២៖
-លទ្ធផលចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៥ឆ្នាំ ដូសទី២៖ ១០២%, ដូសទី៣៖ ៦.៥%។
-លទ្ធផលចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដូសទី២៖ ១១១%, ដូសទី៣៖ ៦៦.៤%។
-លទ្ធផលចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដូសទី២៖ ១១៦%, ដូសទី៣៖ ១០៣.៨%, ដូសទី៤៖ ១០,២%៕ អត្ថបទ រដ្ឋា





