ភ្នំពេញ៖ ការទូតសេដ្ឋកិច្ច គឺជាការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ និងការបង្កើនការយល់ដឹងទៅដល់បរទេសអំពីវប្បធម៌ល្អប្រភពប្រពៃ និងភាពសំបូរបែបរបស់កម្ពុជា ជាពិសេសផ្សព្វផ្សាយសំដៅការទាក់ទាញ វិនិយោគិនបរទេស និងភ្ញៀវទេសចរណ៍បរទេសមកកម្ពុជាឲ្យកាន់តែច្រើន។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងនៅក្នុងការបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីថ្មី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះថា សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងដោយថាមវ័ន្ត ដោយសារសន្តិភាព ស្ថេរភាពនយោបាយ ម៉ាក្រូ សេដ្ឋកិច្ច និងភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ កត្តានេះ កម្ពុជាបានប្រែក្លាយវិបត្តិចំពោះមុខឱ្យទៅជាឱកាសកែទម្រង់ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។
បញ្ហាទាំងនេះមន្រ្តីការទូតគួរខិតខំចូលរួមផ្សព្វផ្សាយអំពីច្បាប់វិនិយោគថ្មី ជូនវិនិយោគិនបរទេសឲ្យបានទូលំទូលាយ ក្រៅពីនេះគួរបន្តសម្របសម្រួលផ្គួរផ្គង និងតភ្ជាប់វិនិយោគិនក្នុងស្រុក និងបរទេសតាមលទ្ធភាពដែលអាចធ្វើបាន ក្នុងនោះនៅតាមដ្ឋានតំណាងនៃកម្ពុជានៅបរទេសនីមួយៗ ត្រូវពង្រឹងការប្រឹក្សាយោបល់ ការផ្លាស់ប្តូរទំនាក់ទំនងដល់វិនិយោគិនដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា និងជម្រុញការតាំងពិរព័ណខ្មែរនៅបរទេសជាដើម ។
កត្តាទាំងអស់នេះ គឺជាចំណុច សំខាន់ដែលមន្រ្តីការទូតរបស់កម្ពុជាអាចផ្សព្វផ្សាយ សំដៅទាក់ទាញភ្ញៀវទេសចរបរទេសមកកម្ពុជាឲ្យកាន់តែច្រើន។
ជុំវិញការវិស័យទេសចរណ៍,លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរកម្ពុជា លើកឡើងថា កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលលើវិស័យទេសចរ ដែលភ្ញៀវទេសចរណ៍ជាច្រើនបានស្គាល់ពីវប្បធម៌បុរាណ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងតំបន់ឆ្នេរស្អាតរបស់កម្ពុជាជាដើម ហើយអ្វីដែលជាការចូលចំណែកកាន់តែសំខាន់ទៀតនោះ គឺវិស័យម្ហូបអាហារ, ជាក់ស្តែងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទេសចរណ៍បរទេសជាច្រើនបានស្គាល់ពីវិស័យម្ហូបអាហារនៅកម្ពុជាដូចជា សម្លរប្រហើរ សម្លរកកូរ អាម៉ុកត្រី ប្រហុកខ្ទិះជាដើម ដែលវិស័យនេះហើយ បានធ្វើឲ្យគេនឹកឃើញកម្ពុជា នឹងការចង់មកទស្សនាកម្សាន្តនៅកម្ពុជា ជាបន្តបន្ទាប់ឡើងវិញ។
ជុំវិញបញ្ហានេះ, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី បានស្នើរដល់មន្រ្តីការទូតកម្ពុជា ជាពិសេសមន្រ្តីនៅតាមដ្ឋានតំណាងការទូត ត្រូវបន្តខិតខំប្រឹងប្រែងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីរួមគ្នាទាញយកផលប្រយោជន៍ជាអតិបរមា ពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីដែលទើបចូលជាធរមាន ក៏ដូចជាកត្តាអំណោយផលផ្សេងៗរួមមាន ច្បាប់វិនិយោគថ្មី ក្នុងន័យជម្រុញ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី និងពហុភាគី ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដើម្បីធ្វើពិពិធកម្មប្រភពកំណើន ការពង្រីកសក្តានុពលសេដ្ឋកិច្ច និងទាញយកអត្ថប្រយោជន៍ផ្សេងៗ៕អត្ថបទ៖ សុន រ៉ាឌី