ព្រះសីហនុ៖ បើមិនមានការប្រែប្រួលនៅទេ ព្រឹតិ្តការណ៍រៀបចំបុណ្យសមុទ្រជុំទី៣ ឆ្នាំ២០២២នេះ គ្រោងរៀបចំនៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ នៅខេត្តព្រះសីហនុ ហើយព្រឹត្តិការណ៍នេះ នឹងរៀបចំចំពេលដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហា សន្និបាតក្លឹបឆ្នេរសមុទ្រស្អាតជាងគេបំផុតលើពិភពលោក ដែលមានបណ្តាប្រទេសចូលរួមជាង ៤០ប្រទេស។
ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា នៅទីស្តីក្រសួង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ព្រឹត្តិការណ៍រៀបចំបុណ្យសមុទ្រឆ្នាំ២០២២នេះ នឹងរៀបចំមានភាពអធិកអធមធំជាងឆ្នាំកន្លងមក ខណៈព្រឹត្តិការណ៍បានអាកខានរៀបចំចំនួន២ឆ្នាំ ដោយសារការរាតត្បាតកូវីដ១៩ ហើយណាមួយ ការរៀបចំព្រឹត្តិការណ៍បុណ្យឆ្នាំនេះ គឺធ្វើឡើងចំពេលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាត បំផុតលើពិភពលោក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅលើទឹកដីខេត្តព្រះសីហនុ ។
នៅក្នុងព្រឹត្តិការណ៍សមុទ្រនេះ ក៏ជាកញ្ចប់ទេសចរណ៍មួយដ៏សំខាន់ ដែលនឹងមានភ្ញៀវទេសចរអន្តរជាតិជាច្រើនប្រទេសទៀតផងដែរ នឹងទិញកញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជាក្នុងរយៈពេលនេះផងដែរ ហើយឯកឧត្តម ថោង ខុន ក៏បានអំពាវនាវអោយក្រុមហ៊ុនការីទេសទេសចរណ៍នានា សូមលក់កញ្ចប់ទេសចរណ៍នេះនៅក្នុងតំលៃសមរម្យ ដើម្បីជាការប្រកួតប្រជែងសម្រាប់តម្លៃទីផ្សារសម្រាប់ទាក់ទាញទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។
ឯកឧត្តម ថោង ខុន បន្តថា ការៀបចំបុណ្យសមុទ្រគឺគោលបំណងសំខាន់ លើកកម្ពស់ការយល់ដឹងប្រជាជនកម្ពុជាទាំងមូល ជាពិសេសសម្រាប់ប្រជាជនរស់នៅតាមតំបន់ឆ្នេរសមុទ្រ ដើម្បីអោយគេចូលរួមថែរក្សាទីក្រុងឆ្នេរ ថែរក្សាឆ្នេរសមុទ្រ ឆ្នេរខ្សាច់ ថែរក្សាកោះ និងថែរក្សាទឹកសមុទ្រអោយនៅតែល្អស្អាតជាដើម។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅល្ងាចថ្ងៃទី២៧ ខែមិថុនានេះ គឺបានរៀបចំដើម្បីប្រកាសសមាសភាពគណកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០២២ នៅផ្នែកនីមួយៗដោយធ្វើយ៉ាងណាអោយព្រឹត្តិការណ៍សមុទ្រនេះដំណើរការដោយមានភាពរលូនទាក់ទាញ និងជោគជ័យ៕អត្ថបទ ស៊ុម សុខជា
