អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចាត់ទុកប្រទេសរុស្ស៊ីថា ជាអង្គការភេរវកម្មធំបំផុតរបស់ពិភពលោក បន្ទាប់ពីមានការបាញ់ផ្លោងដ៏ឃោរឃៅមកលើផ្សារទំនើបទីក្រុង Kremenchuk។ យន្តហោះផ្លោងរយៈចម្ងាយឆ្ងាយរបស់រុស្សីបានបាញ់មីស៊ីល ដែលបានវាយប្រហារលើផ្សារទំនើបមានមនុស្សច្រើននៅទីក្រុង Kremenchuk ភាគកណ្តាលប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ជាអ្វីដែលលោក Zelenskyy ចាត់ទុកថា ជាការវាយប្រហារភេរវកម្មដ៏ឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រអឺរ៉ុប។

លោក Zelenskyy និយាយថា ជនស៊ីវិលជិត ១,០០០នាក់ស្ថិតនៅខាងក្នុងផ្សារទំនើប ដោយមនុស្សជាច្រើនបានរត់ភៀសខ្លួន។ អភិបាលតំបន់លោក Dmytro Lunin បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៣នាក់ស្លាប់ និងជាង ៤០នាក់រងរបួស។ តាមសំណើរបស់អ៊ុយក្រែន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកំណត់ពេល កិច្ចប្រជុំបន្ទាន់នៅទីក្រុងញូវយ៉កកាលពីល្ងាចថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការវាយប្រហារនេះ។ ការវាយប្រហារដោយមីស៊ីលកើតមានឡើង ខណៈមេដឹកនាំប្រទេសលោកខាងលិចបានសន្យាបន្តគាំទ្រអ៊ុយក្រែន ហើយប្រទេសមានសេដ្ឋកិច្ចធំៗរបស់ពិភពលោកបានរៀបចំទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី រួមទាំងការកំនត់តម្លៃប្រេង និងពន្ធខ្ពស់លើទំនិញ។បុគ្គលិកសង្គ្រោះបន្ទាន់រាប់រយនាក់បានបន្តរុះរើគំនរបាក់បែក ដោយស្វែងរកអ្នកនៅរស់រានមានជីវិតនៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Kremenchuk។ លោក Volodymyr Hychkan ប្រធានមជ្ឈមណ្ឌលសង្គ្រោះចល័តនៃសេវាសង្គ្រោះបន្ទាន់ប្រទេសអ៊ុយក្រែនបាននិយាយថា របាយការណ៍បឋមពីនគរបាលបាននិយាយថា នៅមានមនុស្សជាប់នៅខាងក្នុងមជ្ឈមណ្ឌលលក់ទំនិញមួយនេះ។ ក្រុមទាហានបានធ្វើការរួមគ្នាដើម្បីទាញយកចេញដែក និងបេតុងដែលបាក់នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប។ យានដ្រូនបានហោះពីលើបំណែកបាក់បែកនៃអគារ ដែលមានពពកផ្សែងខ្មៅនៅតែហុយចេញពីកន្លែងកើតហេតុ ជាច្រើនម៉ោងបន្ទាប់ពីអគ្គិភ័យត្រូវបានពន្លត់។ មន្ត្រីអ៊ុយក្រែនបាននិយាយថា ជនស៊ីវិលជាច្រើននាក់ត្រូវបានគេបារម្ភថាស្លាប់ ឬរងរបួស ហើយក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកនៅរស់៕
អត្ថបទ៖ ប៊ុនថន