ភ្នំពេញ៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល និងសមាគមចង្វាក់បេះដូង សាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នា លើការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសុខាភិបាល ផ្នែកជំងឺបេះដូង និងផ្តល់សម្ភារបរិក្ខារវេជ្ជសាស្រ្ត។
ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញដោយមានការចូលរួមពី លោកសាស្ត្រាចារ្យ ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា និងលោកសាស្ត្រាចារ្យ ផាក ហ៊ីណាំ ឯកទេសជំងឺចង្វាក់បេះដូង ប្រធានមជ្ឈមណ្ឌលអន្តរាគមន៍ជំងឺបេះដូង និងសរសៃរឈាម នៃមន្ទីរពេទ្យសេវេរ៉ន់ សាធារណរដ្ឋកូរ៉េ និងលោកសាស្ត្រាចារ្យ ជន់ វ៉ាង ឯកទេសជំងឺចង្វាក់បេះដូង ប្រធានផ្នែកជំងឺចង្វាក់បេះដូង នៃមជ្ឈមណ្ឌលសុខភាពរីវើ សហរដ្ឋអាមេរិក រួមទាំងក្រុមគ្រូពេទ្យ សហការលើការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសុខាភិបាល ផ្នែកជំងឺបេះដូង និងផ្តល់សម្ភារបរិក្ខារវេជ្ជសាស្រ្ត ជូនមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកសាស្ត្រាចារ្យ ផាក ហ៊ីណាំ បានឲ្យដឹងថា ការចុះអនុស្សរណៈនេះ ដើម្បីបណ្ដុះបណ្ដាលចំណេះដឹងផ្នែកជំងឺបេះដូង ដល់ក្រុមគ្រូពេទ្យកម្ពុជា។ កន្លងមកយើងក៏បានបណ្ដុះបណ្ដាលចំណេះជំទាញនេះ ដល់គ្រូពេទ្យនៃមន្ទីពេទ្យមិត្ដភាពខ្មែរ-សូវៀត រួមជាមួយនឹងផ្ដល់ឧបករណ៍ផងដែរ។
ជាមួយគ្នានោះដែរលោកសាស្ដ្រាចារ្យ ចាន់ វិចិត្រ បានថ្លែងថា កន្លងមកនិស្សិតកម្ពុជាយើង ដែលជាក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានទៅសិក្សាដោយផ្ទាល់នៅក្រៅប្រទេស ជាមួយសមាគមចង្វាក់បេះដូងរបស់សាធារណរដ្ឋកូរ៉េ។ ដូច្នេះដើម្បីអភិវឌ្ឍឯកទេសជំងឺបេះដូង នៅកម្ពុជានេះ ដល់កម្រិតស្ដង់ដារ ជូនប្រជាពលរដ្ឋទើបយើងបានចុះអនុស្សារណៈនេះជាមួយគ្នា។
បើតាមលោកវេជ្ជបណ្ឌិតឯកទេស លឹម ស៊ីវុតថា ប្រធានផ្នែកព្យាបាលជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរមិត្ដភាពខ្មែរ-សូវៀត ឲ្យដឹងថា ជំងឺបេះដូង គឺជាជំងឺរុំារៃ តែក៏ជាជំងឺមួយដែលធ្វើឱ្យគ្រោះថ្នាក់ភ្លាមៗ ដល់ជីវិតដោយមិនដឹងមុន។ ដូច្នេះដើម្បីការពារ ប្រសើរជាងព្យាបាល គឺត្រូវមានរបបអាហារត្រឹមត្រូវ កុំឱ្យធាត់លើសទម្ងន់ពេក ហាត់ប្រាណឱ្យបានទៀងទាត់ និងទៅពិនិត្យសុខភាពជាប្រចាំផងដែរ៕ អត្ថបទ រដ្ឋា