បាល់ទាត់៖ អតីតអ្នកចាត់ក្លិប Borussia Dortmund លោក Lucien Favre ត្រូវបានតែងតាំងជាអ្នកចាត់ក្លិបបាល់ទាត់បារាំង OGC Nice ជំនួសតំណែងលោក Christophe Galtier ដែលត្រូវបានគេដឹងថា កំពុងចរចាផ្លាស់ទៅដឹកនាំ Paris Saint Germain។

បុរសសញ្ជាតិស្វ៊ីសវ័យ ៦៤ឆ្នាំ Lucien Favre នៅទំនេរពីការងារតាំងពីខែធ្នូ ឆ្នាំ២០២០ ក្រោយចាកចេញពី Dortmund។ លោក Lucien Favre បានដឹកនាំ Dortmund រយៈពេល ២ឆ្នាំកន្លះឈ្នះបាន German Supercup និងបានជើងឯករង Bundesliga ពីក្រោម Bayern Munich។ បុរសសញ្ជាតិស្វ៊ីសរូបនេះក៏ធ្លាប់ដឹកនាំ Nice ផងដែរចន្លោះឆ្នាំ២០១៦ ដល់ ២០១៨ ដោយ Nice ធ្លាប់បានលេខ៣ នៅក្របខណ្ឌបារាំង Ligue 1 នៅរដូវកាល ២០១៦-១៧។ ចំណែកលោក Christophe Galtier ត្រូវបានគេដឹងថា នឹងក្លាយជាអ្នកចាត់ការក្លិបអ្នកមាន Paris Saint Germain ឆាប់ៗនេះបន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងនឹងគ្នា៕
អត្ថបទ៖នាង សុភាវុធ