ភ្នំពេញ៖ យុវជនកម្ពុជាក្នុងសង្គមបច្ចុប្បន្ន លើកឡើងថា ពួកគាត់ពេញចិត្តចំពោះការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។ ភាពពេញចិត្តដោយសារមើលឃើញពីសមិទ្ធផលជាច្រើន ដែលសង្គមជាតិទទួលបាន។ ភ្ជាប់នឹងភាពពេញចិត្ត ពួកគាត់ក៏ជឿជាក់ចំពោះថ្នាក់ដឹកនាំបន្តវេន របស់គណបក្សមួយនេះផងដែរ។
២៨ មិថុនាឆ្នាំ ២០២២ ជាគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសគម្រប់ខួបនេះ យុវជនបង្ហាញភាពពេញចិត្ត ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ភាពពេញចិត្តដោយពួកគាត់មើលឃើញជាក់ស្ដែង ពីសមិទ្ធផលជាច្រើនដែល គណបក្សមួយនេះ បានផ្ដល់ជូនសង្គមជាតិ ជាពិសេសសុខសន្តិភាព ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូប អាចរស់នៅបានសុខសាន្ត មានសិទ្ធិសេរីភាព ពុំមានការភ័យខ្លាច។
ក្រៅពីសុខសន្តិភាព គឺការអភិវឌ្ឍលើគ្រប់វិស័យជាជំហ៊ានៗដែលសង្គមជាតិសម្រេចបាន និងការគិតគូពីប្រជាពលរដ្ឋគ្រប់ការលទេសៈ។ ជាក់ស្ដែងគឺមានភស្តុតាងបង្ហាញជាច្រើន ហើយថ្មីៗនេះ គឺក្នុងវិបត្តិកូវីដផ្ទាល់តែម្ដង ដោយផ្ដល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់រូប។
ទន្ទឹមនឹងការពេញចិត្ត ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ពួកគាត់ជាយុវជន ក៏បង្ហាញការជឿជាក់ ចំពោះថ្នាក់ដឹកនាំដែលត្រូវបន្តវេន របស់គណបក្សប្រជាជនកម្ពុជាផងដែរ។
បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា គឺមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សនិងជានាយករដ្ឋមន្រ្តីផងដែរ។ ចំពោះថ្ងៃអនាគត គណបក្សដែលមានអ្នកគាំទ្រច្រើនបំផុតមួយនេះ ក៏បានជ្រើសរើស បេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេនផងដែរ។
សមិទ្ធផលជាច្រើន ដែលគណបក្សនេះសម្រេចបាន ជាមូលហេតុសំខាន់ដែលទទួលបានការគាំទ្រច្រើនលើសលប់ពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជាច្រើនអាណត្តិមកនេះ៕ អត្ថបទ៖ គឹមហុក