បាល់ទាត់៖ លោក Ryu Hirose គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិកម្ពុជាបានបញ្ជាក់ថា លោកនឹងលះបង់ខ្លួនប្រាណ និងបទពិសោធន៍ទាំងអស់ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ក្រុមគោព្រៃកម្ពុជា ឆ្ពោះទៅរកភាពខ្លាំង ឆ្លើយតបទៅនឹងការផ្ដល់សេចក្ដីទុកចិត្ត របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda ក៏ដូចជាអ្នកគាំទ្រកម្ពុជាផងដែរ។
អតីតគ្រូបង្វឹកក្រុមយុវជនក្លិបយក្សចិន Guangzhou បានលើកឡើងថា លោកពិតជាសប្បាយចិត្ត ដែលបានក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា គ្រាដែលក្នុងនាមគ្រូបង្វឹកលោក នឹងទទួលសខុសត្រូវលើគ្រប់បញ្ហាដែលកើតមានឡើង បើទោះបីមានភាពលំបាកស្មុគស្មាញយ៉ាងណាក៏ដោយ។ គ្រូបង្វឹកសញ្ជាតិជប៉ុនដដែលសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅ លោកនឹងលះបង់ខ្លួនប្រាណ ឆន្ទៈរបស់ខ្លួន និងយកបទពិសោធន៍ដែលបានពីអាជីព ជាគ្រូបង្វឹកបាល់ទាត់របស់ខ្លួនទាំងប៉ុន្មាន ដើម្បីជួយបណ្ដុះបណ្ដាលឲ្យកីឡាករមានការអភិវឌ្ឍ រីកចម្រើនទៅមុខ និងកសាងក្រុមមួយដែលខ្លាំងសម្រាប់ប្រកួតប្រជែង ជាមួយក្រុមនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ។
សូមរំឭកថា លោក Ryu Hirose ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្រុមជម្រើសជាតិកម្ពុជា ជំនួសកៅអីលោក Felix G.Dalmas បន្ទាប់ពីបុរសសញ្ជាតិអាហ្សង់ទីននេះ មិនអាចបន្ដដំណើរជាមួយក្រុមគោព្រៃកម្ពុជាទៀតបាន ក្រោមហេតុផលផ្ទាល់ខ្លួន។ ដូច្នេះគ្រូបង្វឹកវ័យ ៦៥ឆ្នាំរូបនេះនឹងត្រូវដឹកនាំក្រុមគោព្រៃកម្ពុជា រហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ជាមួយអ្នកចាត់ការទូទៅលោក Keisuke Honda។ សម្រាប់ភារកិច្ចចំពោះមុខពេលនេះ លោក Ryu Hirose កំពុងសម្លឹងកីឡាករ ជាក់ស្ដែងក្នុងការប្រកួតលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ លោកក៏បានអញ្ជើញទស្សនាការប្រកួតមួយចំនួនផងដែរ ដើម្បីជ្រើសរើសកីឡាករប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅសល់ ៣ប្រកួតក្នុងពូល C នាខែមិថុនាខាងមុខនៅប្រទេសបារ៉ែន៕
អត្ថបទ៖ លី ឈុនឡា