ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ បាននាំមកនូវស្នាដៃភាពយន្តជាតិ និងអន្តរជាតិ ចំនួន១៤៤ចំណងជើង មកពី២៦ប្រទេស រួមមានភាពឯកសារ ភាពយន្តគំនូរជីវចល ភាពយន្តខ្នាតខ្លី និងស្នាដៃភាពយន្តខ្នាតធំ, នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២នេះ នៅសាលសន្និសីទចតុម្មុខ។
លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា សូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់ដៃគូសហការទាំងអស់ និងកិច្ចប្រឹងប្រែងរបស់ក្រុមការងាររៀបចំមហោស្រពភាពយន្តអន្តរជាតិ នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាបានបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ ក្រោយពីវិបត្តិសកលនៃជំងឺកូវីដ-១៩ ដែលបានរំខានដល់សកម្មភាពវប្បធម៌របស់យើងអស់រយៈពេលជាងពីរឆ្នាំមកនេះ។ ពិតណាស់ ព្រឹត្តិការណ៍នេះអាចដំណើរទៅបាន ក៏ដោយសារកម្ពុជាយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបាននូវការរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការខិតខំប្រឹងប្រែងនិងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព រហូតឈានដល់ការប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តាមគន្លងប្រក្រតីភាពថ្មី។
លោកជំទាវ រដ្ឋមន្រី្ត បានបន្តទៀតថា តាមរយៈកិច្ចខិតខំប្រឹងប្រែងជំរុញគាំទ្រយ៉ាងសកម្មរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំនេះគឺ ជាឆ្នាំទី១១ ដែលមហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់និងបានរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ក្នុងការជំរុញព្រះរាជាណាចក្រកម្ពុជា ជាដែនដីស្វាគមន៍ការថតភាពយន្តជាតិ និងអន្តរជាតិ ព្រមទាំងជួយលើកកម្ពស់កិតិ្តសព្ទ័កម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងបរិបទនៃសង្គមដែលមានសុខសន្តិភាព ស្ថេរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត នៃគោលនយោបាយឈ្នះឈ្នះ។ ជាពិសេសតាមរយៈស្នាដៃភាពយន្តជាតិ និងអន្តរជាតិ ចំនួន១៤៤ចំណងជើង។ ក្នុងនោះស្នាដៃភាពយន្តរបស់កម្ពុជាចំនួន៦២ចំណងជើង ដែលផលិតដោយយុវផលិតករវ័យក្មេងកម្ពុជា ព្រមទាំងយុវជនដែលទទួលបានការបណ្តុះបណ្តាលជំនាញផលិតភាពយន្តនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក៏នឹងត្រូវចាក់បញ្ចាំងជូនប្រជាពលរដ្ឋចូលទស្សនាដោយសេរី នៅតាមទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ។ ជាមួយនេះ ភាពយន្តដ៏កម្រមកពីប្រទេសអូស្ត្រាលី ចំនួន ២០ ចំណងជើង ដែលផលិតពីឆ្នាំ១៩៥៣ ដល់ឆ្នាំ២០២២ នឹងត្រូវបានចាក់បញ្ចាំងនៅក្នុងព្រិត្តិការណ៍មហោស្រពនេះ ក្នុងគោលបំណងចូលរួមអបសារទខួបអនុស្សាវរីយ៍លើក៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-អូស្ត្រាលី ផងដែរ។
លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា ក្រសួង ចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ ឆ្នាំ២០២២ នេះ គឺជាការជួយជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តភាពយន្តកម្ពុជាឲ្យមានការវិវត្តរីកចំរើន រួមចំណែកដល់ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជា និងជាពិសេសបានបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិធម្មជាតិកម្ពុជា ទៅកាន់ពិភពលោក ព្រមទាំងជាការផ្ដល់ឱកាសដល់អ្នកអាជីពក្នុងវិស័យភាពយន្ត ក្នុងការចែករំលែកបទពិសោធន៍ផ្លាស់ប្តូរយោបល់គ្នា រកចំណុចខ្លាំង បង្កើនគុណភាពភាពយន្តកម្ពុជា ដើម្បីអាចប្រកួតប្រជែងជាមួយនឹងការរីកចំរើនឥតឈប់ឈរនៃទីផ្សារភាពយន្តក្នុងតំបន់។ ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងក្លាយជាទីតាំងសម្រាប់ថតខ្សែភាពយន្ត កាន់តែមានភាពទាក់ទាញ ស្របតាមចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ក្នុងការជំរុញកម្ពុជា ឱ្យក្លាយជាដែនដីនៃការថតភាពយន្តជាតិ និងបរទេស៕ អត្ថបទ៖ រដ្ឋា




















