ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកា សម្រាប់ជំនួយសង្គម ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៨៥៧ ប៊ីលានរៀល ត្រូវប្រមាណជាង ១៦៧% ពោលគឺលើសផែនការដែលបានគ្រោងទុក ក្នុងគោលដៅ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ដើម្បីពង្រឹងសមត្ថភាពប្រជាពលរដ្ឋទាំងនោះ រក្សាបាននូវស្ថិរភាពប្រាក់ចំណូល ក្នុងស្ថានភាពសេដ្ឋកិច្ច ដែលមានការប្រកួតប្រជែងខ្លាំង។
តាមរបាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលថ្នាក់ជាតិ ប្រចាំខែ កក្កដា ឆ្នាំ ២០២០ បានបង្ហាញឲ្យដឹងថា ពាក់ព័ន្ធអត្ថប្រយោជន៍ជំនួយសង្គម ដោយកម្ពុជាក៏ដូចពិភពលោកកំពុងរងនូវផលប៉ះពាល់នៃជំងឺកូវីដ–១៩ នេះ, គិតត្រឹមរយៈពេល ៧ខែ ដើមឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលបានចំណាយថវិកាសរុបជាង ៨៥៧ ប៊ីលានរៀល ត្រូវប្រមាណជាង ១៦៧% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២០ ក្នុងនោះបើគិតក្នុងរយៈពេលដូចគ្នាទៅឆ្នាំ២០១៩ បានចំណាយថវិកា ប្រមាណជាង ២៣០ ប៊ីលានរៀល ត្រូវប្រមាណជាង ៤៥% ប៉ុណ្ណោះ ។
ទាក់ទងនិងការចំណាយថវិកា សម្រាប់ជំនួយសង្គមនេះ ក្នុងនោះនៅក្នុងខែ មករា ចំណាយប្រមាណជិត ៤០០ លានរៀល, ខែ កុម្ភៈ ជាង ៣ ប៊ីលានរៀល, ខែ មីនា ជាង ២៩ ប៊ីលានរៀល, ខែ មេសា ជាង ១៤៥ ប៊ីលានរៀល, ខែ ឧសភា ជាង ៣៧ ប៊ីលានរៀល, ខែ មិថុនា ជិត ៥៥០ ប៊ីលានរៀល និងក្នុងខែ កក្កដា មានចំនួនជាង ៩១ ប៊ីលានរៀល សរុបទាំងមានទំហំទឹកប្រាក់ជាង ៨៥៧ ប៊ីលានរៀល ។
សូមបញ្ជាក់ថា ៖ សម្រាប់ការចំណាយថវិកា ជំនួយសង្គម គឺជាកម្មវិធីគាំទ្រដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ជាអាទិភាពរបស់កម្ពុជា រួមមាន ៖ កំណើនប្រកបដោយបរិយាប័ន្ន ការកាត់បន្ថយភាពក្រីក្រ និងពិពិធកម្មសេដ្ឋកិច្ច។ វត្តមានរបស់ប្រព័ន្ធជំនួយសង្គម រួមចំណែកក្នុងការជំរុញកំណើនផលិតភាពក្នុងសេដ្ឋកិច្ច តាមរយៈការផ្លាស់ប្តូរជីវភាពរបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ទៅជាប្រជាជនដែលមានចំណូលសមរម្យ ពោលគឺការបង្វែរក្រុមប្រជាជននៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងប្រព័ន្ធ។ កម្មវិធីក្នុងប្រព័ន្ធជំនួយសង្គម ផ្តោតលើការផ្តល់ការគាំពារដល់ប្រជាជនក្រីក្រនិងងាយរងគ្រោះ ក្នុងនោះត្រូវបានបែងចែកជាបីក្រុមគឺ (១) ប្រជាជនដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ (២) ប្រជាជនរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ ដែលមានការប្រឈមខ្ពស់ពេលមានវិបត្ដិ និង (៣) ប្រជាជនដែលងាយរងគ្រោះ ដែលរួមមាន ៖ ទារកនិងកុមារ ស្ត្រីមានផ្ទៃពោះ គ្រួសារដែលខ្វះអាហារូបត្ថម្ភ ជនពិការ និងជនចាស់ជរាគ្មានទីពឹង ជាពិសេសប្រព័ន្ធជំនួយសង្គម គឺការឆ្លើយតបនឹងគ្រោះអាសន្នជាដើម ៕