អន្តរជាតិ៖ មន្ត្រីអះអាងថា ក្រុមបះបោរតាលីបង់ បានវាយប្រហារមកលើមូលដ្ឋានយោធាស្ថិតនៅខេត្តភាគខាងកើតប៉ាក់តៀ ប្រទេសអាហ្វហ្គានីស្ថាន កាលពីព្រឹកថ្ងៃអង្គារ បានសម្លាប់កងកម្លាំងការពារជនស៊ីវិលយ៉ាងហោច ៣នាក់។
លោកអាប់ឌុល រ៉ាម៉ាន់ ម៉ាន់ហ្គាល់ គឺជាអ្នកនាំពាក្យអភិបាលខេត្ត បាននិយាយថា កងកម្លាំងសន្តិសុខ ៥នាក់ផ្សេងទៀត បានរងរបួសក្នុងការវាយប្រហារមួយនេះ។
លោកម៉ាន់ហ្គាល់ បានបន្តថា ជនបំផ្ទុះរថយន្តបង្កប់គ្រាប់បែកអត្តឃាត មានគោលដៅមកលើច្រកចូលមូលដ្ឋានយោធាស្ថិតនៅក្នុងរដ្ឋធានីហ្គាដេស ហើយក្រោយមក ខ្មាន់កាំភ្លើង២នាក់ ចាប់ផ្តើមបាញ់ប្រហារមកលើកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។
លោកបន្តថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បានបាញ់សម្លាប់ខ្មាន់កាំភ្លើង២នាក់ អំឡុងការផ្ទុះអាវុធដែលចំណាយពេលប្រហែល ១០នាទី ហើយបច្ចុប្បន្នកន្លែងកើតហេតុ គ្រប់គ្រងស្ថានការបានវិញហើយ។
ដោយឡែក លោកហ្សាប៊ីហ៊ូឡា មូចាហ៊ីដ គឺជាអ្នកនាំពាក្យក្រុមឧទ្ទាមតាលីបង់ បាននិយាយថា ពួកគេគឺជាអ្នកឈរនៅពីក្រោយការវាយប្រហារមួយនេះ នៅទីក្រុងហ្គាដេស៕ អត្ថបទ៖ សារ៉ាត់
