បាល់ទាត់៖ ក្រុមអាស៊ីអឺរ៉ុបយូណាយធីតរកបាន ៣ពិន្ទុដំបូងបន្ទាប់ពីយកឈ្នះក្រុមភ្ញៀវនគរបាលជាតិ ដោយលទ្ធផល ៣-២ ក្នុងជំនួបសប្ដាហ៍ទី៤ និងជាប្រកួតទី២ របស់ខ្លួនក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នៅកីឡដ្ឋាន AEU Sport Park កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

ជំនួបជើងទី១ នេះបន្ទាប់ពីលេងបាន ៥នាទី ក្រុមអាស៊ីអឺរ៉ុបបានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ១គ្រាប់មុនដោយកីឡាករជប៉ុន Kuriyama Yuya។ បន្ទាប់មកកីឡាករ Booysen Shane រកគ្រាប់បាល់ឲ្យក្រុមនគរបាលជាតិតាមស្មើវិញ ១-១ នៅនាទី១៥ តែ ៥នាទីក្រោយមកកីឡាករ Abee Ndjoo Hurbert បានជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខជាថ្មី ២-១ នៅនាទីទី២០។ ចូលវគ្គទី២ ក្រោយលេងបាន ៦នាទី កីឡាករ Abee Ndjoo Hurbert ដដែលបានបន្ថែម ១គ្រាប់ទៀតឲ្យអាស៊ីអឺរ៉ុបនៅនាទី៥១។ បន្ទាប់ពីត្រូវម្ចាស់ផ្ទះនាំមុខ ៣-១ នគរបាលជាតិបានព្យាយាមវាយបកកាន់តែខ្លាំង រហូតដល់នាទី៩០+១ ទើបពួកគេទទួលបានគ្រាប់បាល់ទី២ ដែលជាគ្រាប់បាល់ Own Goal បន្ទាប់ពីខ្សែការពារ ឡាយ រស្មី ទាត់ភ្លាត់ចូលទីខ្លួនឯង មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមលោក សុក វាសនា បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតឈ្នះ១ និងចាញ់២ រកបាន ៣ពិន្ទុស្មើក្រុមណាហ្គាវើលដ៏ គិរីវង់សុខសែនជ័យ និងក្រុមអគ្គិសនីកម្ពុជា ដោយឈរលេខរៀងទី៧ ជាបណ្ដោះអាសន្ន។ រីឯក្រុមនគរបាលជាតិមិនទាន់មានពិន្ទុរាប់នោះទេ បន្ទាប់ពីបរាជ័យ ២ប្រកួតផ្ទួនៗ ខណៈប្រកួតដំបូងក៏ចាញ់ក្រុមអគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៣-២ ក្រៅដីដែរ៕
អត្ថបទ៖ លី ឈុនឡា