បាត់ដំបង៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ឲ្យមន្រ្តីប្រតិបត្តិសាខាខេត្តចុះជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់សិស្សានុសិស្សចំនួន៦នាក់ ដែលរងគ្រោះដោយសាររន្ទះបាញ់ នៅក្នុងបរិវេណសាលាអនុវិទ្យាល័យរតនមណ្ឌល។
ក្នុងឱកាសនោះដែរ មន្រ្តីប្រតិបត្តិសាខា បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្ដម សុខ លូ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗនៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សំបុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ និងមិនបានជួយដោះស្រាយនោះទេ។
មន្រ្ដីប្រតិបត្តិ សាខាបានបន្តទៀតថា គ្រោះថ្នាក់ធម្មជាតិ គឺតែងតែកើតមានឡើងជាយថាហេតុ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំខ្យល់ និងរន្ទះបាញ់ បានបណ្តាលឱ្យសិស្សានុសិស្សចំនួន៦នាក់របួស ខណៈពួកគេចេញលេងនៅសំយ៉ាបសាលា ក្នុងនោះរបួសស្រាល៥នាក់ព្យាបាលនៅមណ្ឌលសុខភាពស្តៅ និងរបួសធ្ងន់១នាក់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕










