ទួរគី៖ សមាជិកសម្ព័ន្ធណាតូគឺប្រទេសទួរគីបានដកសិទ្ធិក្នុងការជំទាស់ ឬវ៉េតូ (veto) ជុំវិញការចូលជាសមាជិកសម្ព័ន្ធយោធាលោកខាងលិចរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត បន្ទាប់ពីប្រទេសទាំង៣ បានព្រមព្រៀងការពារសន្តិសុខឲ្យគ្នាទៅវិញទៅមក ជាការបញ្ចប់ភាពតានតឹងរយៈពេលជាច្រើនសប្ដាហ៍ ដែលបានសាកល្បងការរួបរួមរបស់សម្ព័ន្ធមិត្តប្រឆាំងការវាយលុករបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

ដំណើរវិវឌ្ឍន៍ថ្មីនេះបានកើនឡើងកាលពីថ្ងៃអង្គារ បន្ទាប់ពីការពិភាក្សារយៈពេល ៤ម៉ោងមុនជំនួបកំពូលសម្ព័ន្ធណាតូបានចាប់ផ្ដើមនៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ជាការទម្លាយភាពជាប់គាំងដ៏អាម៉ាស់នៅឯជំនួបមេដឹកនាំទាំង ៣០ប្រទេសដែលមានបំណងបង្ហាញដំណោះស្រាយប្រឆាំងនឹងរុស្ស៊ី។ ការដកសិទ្ធិវ៉េតូនេះមានន័យថា ទីក្រុង Helsinki និងទីក្រុង Stockholm អាចបោះជំហានជាមួយពាក្យស្នើសុំចូលរួមជាមួយសម្ព័ន្ធយោធានេះ ជាការព្រមព្រៀងនូវអ្វីដែលនឹងក្លាយជាការផ្លាស់ប្ដូរដ៏ធំបំផុតនៅក្នុងសន្តិសុខរបស់អឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ខណៈប្រទេសទាំង២ ដែលជាប្រទេសប្រកាន់គោលជំហរអព្យាក្រឹត្យជាយូរមកហើយក្នុងតំបន់អឺរ៉ុបខាងជើង ស្វែងរកការការពារពីសម្ព័ន្ធយោធាណាតូដឹកនាំដោយសហរដ្ឋអាមេរិក។
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg និងប្រធានាធិបតីទួរគីបានបញ្ជាក់ពីកិច្ចព្រមព្រៀងនេះ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកបន្ទាប់ពីកិច្ចពិភាក្សារវាងប្រមុខអង្គការណាតូ, ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan, នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson និងប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto។ លោក Stoltenberg ក៏បាននិយាយផងដែរថា ប្រទេសស៊ុយអែត និងហ្វាំងឡង់នឹងដកការរឹតត្បិតរបស់ពួកគេលើការលក់អាវុធទៅឱ្យប្រទេសទួរគី៕
អត្ថបទ៖ សុខមាន