បាល់ទាត់៖ បន្ទាប់ពីធ្វើតេស្ដជាច្រើនដំណាក់កាល និងចម្រាញ់បានកីឡាករ ២៣នាក់ចុងក្រោយកាលពីសប្ដាហ៍មុន ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាបានចាប់ផ្ដើមហ្វឹកហាត់ជុំគ្នាជាផ្លូវការកាលពីល្ងាចថ្ងៃទី២៨ ខែមិថុនានៅកីឡដ្ឋាន Smart RSN របស់ភ្នំពេញក្រោន ដើម្បីត្រៀមការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ AFF U19 Championship 2022 នៅប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែកក្កដាខាងមុខ ។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុនលោក Kuji Gyotoku សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ផ្លូវការនេះគឺមានរយៈពេល ២ថ្ងៃប៉ុណ្ណោះ មុនក្រុមគោព្រៃជំទង់កម្ពុជាការចាកចេញពីមាតុភូមិ ដែលពួកគេនឹងធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃទី៣០ ខែមិថុនាស្អែកនេះ។ ក្រុមយុវជន U19 កម្ពុជាស្ថិតក្នុងពូល B ជាមួយក្រុម U19 ម៉ាឡេស៊ី ទីម័រខាងកើត សិង្ហបុរី និងឡាវ។ លោក Kuji Gyotoku ធ្លាប់បានគូសបញ្ជាក់ថា សម្រាប់ស្ថានភាពកូនក្រុមពេលនេះគឺមិនដូចក្រុមយុវជន U19 ដែលបានទៅប្រកួតនៅវៀតណាមនោះទេ ដ្បិតពេលនោះក្រុមខ្លួនមានពេលច្រើនក្នុងការរៀបចំក្រុម តែពេលនេះដោយសារបញ្ហាកូវីដ-១៩ និងការប្រកួតលីគមានភាពមមាញឹក ជាហេតុនាំឲ្យលោកមិនមានពេលគ្រប់គ្រាន់ក្នុងការរៀបចំក្រុម និងការហ្វឹកហាត់ជុំគ្នា។ អ្វីដែលគួរឲ្យកត់សម្គាល់លោកបានសង្កត់ធ្ងន់ថា ដោយសារកីឡាករមួយចំនួនដែលមានអាយុអាចលេងពាន AFF U19 Championship 2022 នេះបានទៅតាមក្លិបរបស់ពួកគេគឺជាកីឡាករសំខាន់ ដូច្នេះលោកបានសម្រេចមិនកោះហៅពួកគេ ដើម្បីឲ្យពួកគេមានឱកាសជួយក្លិបរបស់ខ្លួន ដែលមានការប្រកួតប្រជែងកម្រិតខ្ពស់។ តាមរយៈនេះ លោកក៏សម្រេចចិត្តផ្ដល់ឱកាសដល់កីឡាករដែលមានសមត្ថភាពផ្សេងទៀត។ យ៉ាងណាក្ដីលោកថា នឹងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងបេសកកម្មនាពេលដ៏ខ្លីខាងមុខ។
គួរដឹងថា បន្ទាប់ពីធ្វើដំណើរប្រទេសឥណ្ឌូនេស៊ី ក្រុមជម្រើសជាតិ U19 កម្ពុជាមានពេលតែ ៣ថ្ងៃប៉ុណ្ណោះដើម្បីរៀបចំ និងត្រៀមការប្រកួតដំបូងរបស់ខ្លួន ដែលកម្ពុជានឹងត្រូវជួបក្រុម U19 សិង្ហបុរីមុនគេនាថ្ងៃទី០៣ ខែកក្កដា មុនបន្ដជួបម៉ាឡេស៊ីនាថ្ងៃទី០៥ ខែកក្កដា, ជួបឡាវនាថ្ងៃទី០៧ ខែកក្កដា និងចុងក្រោយជួបទីម័រខាងកើតនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នេះ។ ដោយឡែកបេក្ខភាពប្រកួតប្រជែងនៃពូល A វិញគឺមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី, ថៃ, មីយ៉ាន់ម៉ា, វៀតណាម ប្រ៊ុយណេ និងហ្វីលីពីន។ ក្រោយបញ្ចប់ការប្រកួត ក្រុមដែលឈរលេខ១ និងលេខ២ នៃពូលនីមួយៗនឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំតំបន់អាស៊ាននេះ៕
អត្ថបទ៖ លី ឈុនឡា