អេស្ប៉ាញ៖ នៅថ្ងៃបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូ ប្រមុខនៃសម្ព័ន្ធការពារលោកខាងលិចមួយនេះបានអំពាវនាវ ឱ្យរដ្ឋជាសមាជិកបង្កើនការចំណាយផ្នែកយោធារបស់ពួកគេនៅក្នុងពិភពលោក ដែលមិនអាចប៉ាន់ប្រមាណទុកមុនបាន និងប្រកបដោយគ្រោះថ្នាក់កាន់តែខ្លាំងឡើង។
ប្រមុខអង្គការណាតូបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កឱ្យមានការផ្លាស់ប្តូរជាមូលដ្ឋាន នៅក្នុងវិធីសាស្ត្ររបស់ណាតូចំពោះការការពារ។ ស្របពេលការត្រៀមរៀបចំសម្រាប់កិច្ចពិភាក្សាកំពូលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ការផ្លាស់ប្តូរនោះត្រូវបានគូសបញ្ជាក់នៅពេលដែលសម្ព័ន្ធភាពយោធាបានប្រកាសថា ខ្លួននឹងត្រូវទទួលសមាជិកថ្មី ២ គឺហ្វាំងឡង់ និងស៊ុយអែត។ ស្របពេលនឹងការស្វាគមន៍សមាជិកថ្មី សម្ព័ន្ធណាតូក៏នឹងព្រមព្រៀងផងដែរនៅជំនួបកំពូលនោះ ដើម្បីបង្កើនកម្លាំងប្រតិកម្មរហ័សជិត ៨ដងដែលមានកងទ័ពចន្លោះពី ៤ម៉ឺននាក់ទៅ ៣០ម៉ឺននាក់។
កងកម្លាំងថ្មីនឹងមានមូលដ្ឋាននៅក្នុងប្រទេសកំណើតរបស់ពួកគេ ប៉ុន្តែនឹងត្រូវបញ្ជូនយ៉ាងឆាប់រហ័សទៅកាន់ប្រទេសជាក់លាក់ នៅផ្នែកខាងកើតរបស់អង្គការណាតូជាប់ជាមួយប្រទេសរុស្ស៊ី ជាកន្លែងដែលសម្ព័ន្ធមិត្តគ្រោងនឹងបង្កើតឃ្លាំងស្តុកសម្ភារ និងគ្រាប់រំសេវផងដែរ។ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយថា កិច្ចប្រជុំកំពូលនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នឹងរៀបចំផែនការ សម្រាប់សម្ព័ន្ធភាពនៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ និងមិនអាចប៉ាន់ប្រមាណទុកមុនបាន។ លោក Stoltenberg បាននិយាយថា អ៊ុយក្រែនឥឡូវនេះប្រឈមមុខនឹងភាពឃោរឃៅ ដែលយើងមិនដែលបានឃើញនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ មក៕
អត្ថបទ៖ សុខមាន