ឥណ្ឌា៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ ១៩នាក់ស្លាប់នៅពេលភ្លៀងរដូវមូសុងបានបណ្ដាលឲ្យអគារកម្ពស់ ៤ជាន់មួយខ្នងដួលរលំនៅក្នុងទីក្រុងសេដ្ឋកិច្ច Mumbai ប្រទេសឥណ្ឌា។

យោងតាមក្រុមមន្ត្រីមូលដ្ឋានសំណង់ដែលស្ថិតនៅក្បែរសំណង់មិនរៀបរយ ក្នុងស្រុកមួយនៅកណ្ដាលទីក្រុងនេះបានដួលរលំ ប៉ុន្មានម៉ោងប៉ុណ្ណោះមុនយប់រំលងអាធ្រាត្រកាលពីថ្ងៃចន្ទ។ មនុស្ស ១៤នាក់ត្រូវបានជួយសង្គ្រោះកាលពីល្ងាចថ្ងៃអង្គារ ប៉ុន្តែក្រុមអ្នកសង្គ្រោះបន្ទាន់បានទាញយកសាកសពចំនួន ១៩នាក់ពីគំនរកម្ទេចថ្ម។ អ្នកនាំពាក្យកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយបន្ទាន់ជាតិបានប្រាប់សារព័ត៌មាន AFP ថា ប្រតិបត្តិការស្វែងរក និងសង្គ្រោះកំពុងបន្ត។

ក្រុមអាជ្ញាធរក្នុងទីក្រុងនេះបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៦នាក់ក្នុងចំណោមអ្នកស្លាប់មានអាយុចន្លោះពី ១៧ឆ្នាំ និង ២១ឆ្នាំ។ ភ្លៀងធ្លាក់ខ្លាំងបានកំពុងរំខានដល់ប្រតិបត្តិការ ខណៈក្រុមអ្នកសង្គ្រោះជីកកកាយរកអ្នកនៅមានជីវិតក្នុងគំនរកម្ទេចថ្ម។ ការបាក់រលំអគារតែងកើតមានធម្មតាអំឡុងពេលវេលានេះ ដោយសារតែសំណង់អគារចាស់ៗ និងទ្រុឌទ្រោមក្នុងពេលមានភ្លៀងមិនឈប់ប៉ុន្មានថ្ងៃនេះ៕
អត្ថបទ៖ សុខមាន