វាយកូនបាល់៖ ក្តីសង្ឃឹមរបស់កីឡាការិនីអាមេរិក Serena Williams នៅព្រឹត្តិការណ៍ Grand Slam, Wimbledon បានត្រឹមបរាជ័យក្រោយអវត្តមានអស់រយៈពេល ១ឆ្នាំ។ កីឡាការិនីវ័យ ៤០ឆ្នាំរូបនេះបានវិលមកទីលានធំរបស់ Wimbledon នេះវិញជាលើកដំបូងតាំងពីពេលរបួសនៅទីនេះកាលពីឆ្នាំមុនក្នុងព្រឹត្តិការណ៍ Wimbledon នេះក្នុងជុំទី១។

តែការវិលវិញនេះម្ចាស់ជើងឯក Grand Slam ២៣លើករូបនេះបានរងបរាជ័យក្រោមស្នាដៃកីឡាការិនីបារាំង Harmony Tan ដែលបានយកឈ្នះជាមួយនឹងលទ្ធផលដ៏តានតឹង ៧-៥, ១-៦ និង ៧-៦(១០-៧)។ បរាជ័យលើកនេះបានធ្វើឱ្យអ្នកគាំទ្រគិតថា ប្រហែលជាលែងបានឃើញវត្តមានរបស់ Serena Williams នៅ Wimbledon ទៀតដោយសារតែរបួសញាំញី ហើយវ័យកាន់ចាស់។ សូមបញ្ជាក់ថា Serena Williams បច្ចុប្បន្នមានចំណាត់ថ្នាក់ពិភពលោកដល់ទៅលេខ ១២០៤ ឯណោះ។
យើងងាកមកការប្រកួតគូផ្សេងទៀត អតីតជើងឯកពីរលើកកីឡាការិនីឆេក Petra Kvitova បានបន្តដំណើរទៅជុំទី២ តែត្រូវតាមពីក្រោយមួយសិតដើម្បីយកឈ្នះកីឡាការិនីអ៊ីតាលី Jasmine Paolini ដោយលទ្ធផល ២-៦, ៦-៤ និង ៦-២។ ជុំទី២ Petra Kvitova នឹងត្រូវជួបជាមួយកីឡាការិនីរ៉ូម៉ានី Ana Bogdan។ ចំណែកឯអតីតជើងឯកឆ្នាំ២០១៩ កីឡាការិនីរ៉ូម៉ានី Simona Halep ក៏បានកក់កៅអីនៅជុំទី២ ដែរក្រោយយកឈ្នះកីឡាការិនីឆេក Karolina Muchova ដោយលទ្ធផល ៦-៣ និង ៦-២ ដើម្បីបន្តដំណើរជួបជាមួយកីឡាការិនីប៊ែលហ្ស៊ិក Kirsten Flipkens៕
អត្ថបទ៖នាង សុភាវុធ