បាល់ទាត់៖ ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Divock Origi បានធ្វើដំណើរទៅដល់ទឹកដីអ៊ីតាលីហើយ ដើម្បីពិនិត្យសុខភាពត្រៀមចុះហត្ថលេខាលេងឱ្យក្លិបជើងឯកអ៊ីតាលី AC Milan។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបានចាកចេញពីក្លិបហង្សក្រហម Liverpool ក្រោយកិច្ចសន្យាអស់សុពលភាព។
Divock Origi គឺជាសមាជិកសំខាន់របស់ Liverpool ក្នុងរដូវកាល ២០១៩ ដែលលើកពាន UEFA Champions League ដោយរូបគេគឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់ទី២ នៅវគ្គផ្តាច់ព្រ័ត្រឱ្យ Liverpool យកឈ្នះ Tottenham Hotspur ២-០។ Divock Origi បានមកដល់ Liverpool កាលពីឆ្នាំ២០១៤ ទិញពីក្លិបបារាំង Lille ក្នុងតម្លៃ ១០លានផោននៅពេលនោះ តែក៏ត្រូវបាន Liverpool បញ្ចេញឱ្យ Lille ខ្ចីជើងពេញមួយរដូវកាល និងធ្លាប់ចំណាយពេល ១រដូវកាលជាកីឡាករខ្ចីជើងនៅក្លិបអាល្លឺម៉ង់ Wolfsburg ផងដែរ។
សរុបរយៈពេល ៨ឆ្នាំកន្លងទៅកីឡាករវ័យ ២៧ឆ្នាំរូបនេះបង្ហាញខ្លួនសរុបបាន ១៧៥លើករកបាន ៤១គ្រាប់ ឈ្នះជើងឯក English Premier League មួយលើក, UEFA Champions League មួយលើក, League Cup មួយលើក, FA Cup មួយលើក, UEFA Super Cup មួយលើក និង FIFA Club World Cup មួយលើក៕
អត្ថបទ៖នាង សុភាវុធ