ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ម្សិលមិញនេះ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាខេត្តកំពង់ធំ និងមន្ទីរឣប់រំ យុវជន និងកីឡាខេត្ត បានរៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ៥៦នាក់ និងវគ្គផ្សព្វផ្សាយស្តីពីការចូលរួមលើកកម្ពស់ការដាំបន្លែសុវត្ថិភាព នៅក្នុងសហគមន៍ និងគ្រឹះស្ថានសិក្សា រួមទាំងការប្រមូលផលបន្លែ ដែលដាំដោយយុវជន កាកបាទក្រហមកម្ពុជា នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្ថិតក្នុងស្រុកប្រាសាសំបូរ ខេត្តកំពង់ធំ។
លោក តាន់ ប៊ុនហុង សមាជិកគណៈកម្មាធិការសាខា មានប្រសាសន៍ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាកម្លាំងមួយមិនអាចខ្វះបានក្នុងសមាគមជាតិ និងនៅក្នុងចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ។ ដែលក្មួយៗបានលះបង់កម្លាំងកាយចិត្ត ថវិកា ចែករំលែកពេលវេលាពីការសិក្សាប្រចាំថ្ងៃ ចូលរួមក្នុងសកម្មភាពយុវជនកាកបាទក្រហម។ អ្វីដែលពិសេសនោះ គឺថ្មីៗនេះមានយុវជន កាកបាទក្រហមកម្ពុជា មួយក្រុមបានចូលរួមចងក្រងផលិតជាវីដេអូខ្លីមួយ ដែលបង្ហាញពីសកម្មភាពចូលរួមរបស់យុវជន កាកបាទក្រហមកម្ពុជា និងប្រជាជនទូទៅឱ្យចូលរួមដាំបន្លែសុវត្ថិភាពនៅតាមសហគមន៍។ វីដេអូខ្លីដែលយុវជនកាកបាទក្រហមកម្ពុជា ផលិតឡើងនេះ គឺបានបំផុសឱ្យយុវជន សិស្សានុសិស្ស និងប្រជាជនទូទៅ នៅតាមសហគមន៍ចូលរួមដំាដុះដំណាំផ្សេងៗ និងចេះស្រឡាញ់បរិស្ថាន។ ដែលវីដូនេះបានទទួលស្គាល់ដោយសមាគមន៍ជាតិ និងទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងយុវជន ទាំង១១ប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។
លោក រឿត សុខខុន ប្រធានការិយាល័យអភិវឌ្ឍន៍ នៃនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា បានឱ្យដឹងដែរថា ថ្ងៃនេះគឺបានដឹកនាំក្រុមយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា មកទីតាំងវិទ្យាល័យចំណេះទូទៅ បច្ចេកទេសអនុវត្តកំពង់ឈើទាល ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំនេះ គឺដើម្បីអប់រំផ្សព្វផ្សាយអំពីការដាំបន្លែសុវត្ថិភាព នៅក្នុងសាលារៀន រឺសហគមន៍ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព កាត់បន្ថយការប្រើប្រាស់ជីគីមីផ្សេងៗ ក៏ដូចជាការអប់រំផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យយល់ដឹងពីការដាំបន្លែបែបធម្មជាតិ នៅតាមគ្រឹះស្ថានសិក្សា សហមគន៍ និងជាលក្ខណះគ្រួសារជាដើម។
លោក សុខខុន ក៏បានអំពាវនាវឱ្យយុវជនទូទៅទាំងអស់ខិតខំរៀនសូត្រ ក៏ដូចជាបង្ហាញនូវសមត្ថភាពដែលមាន ចូលរួមប្រគួតប្រជែង លើឆាកអន្តរជាតិដើម្បីបង្ហាញពីកិត្តិយស និងស្នាដៃរបស់ខ្លួន។ ជាពិសេសបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាមានធនធានមនុស្ស មានចំណេះដឹងដែលអាចចូលរួមចំណែក លើកកម្ពស់កិត្តិយសជាតិ តាមរយៈការចែករំលែកចំណេះដឹងទាំងអស់នេះ៕








