ភ្នំពេញ៖ អន្តរក្រសួង បានបើកការពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលពីស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សម្រាប់ការដោះស្រាយ និងជម្រុញការផលិត វិស័យកសិកម្ម ដើម្បីរក្សាស្ថិរភាពសន្តិសុខស្បៀង និងការប្រកួតប្រជែង ខណៈដែលវិបត្តិសកលកំពុងអូសបន្លាយ។
ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្លែងថាលើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការតម្រង់ទិសអាទិភាពនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងប្រក្រតីភាពថ្មីឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះថា ក្រសួងបានកំពុងអនុវត្តគោលនយោបាយសំខាន់ៗជាច្រើនដូចជា, ការដាក់វិនិយោគសម្រាប់ការធ្វើទំនើបកម្ម ខ្សែច្រវ៉ាក់តម្លៃនៃកសិកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវ៉ាក់ផលិតកម្មប្រកដោយភាពប្រកួតប្រជែង ដោយផ្តោតលើការប្រើប្រាស់នូវបច្ចេកវិទ្យាវ័យឆ្លាត, ការវិនិយោគលើវិស័យសាធារណៈនិងវិស័យឯកជន ត្រូវបង្កើន ជាពិសេសការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរុញឲ្យវិស័យកសិកម្មរីកលូតលាស់, ការធ្វើឲ្យមានកំណើនប្រកដោយចីរភាព និងការសម្រួចអនុវត្តច្បាប់ ការកែទម្រង់ស្ថាប័ន និងការអនុវត្តធនធានមនុស្សនៅក្នុងវិស័យកសិកម្មមានការរីកចម្រើនទៅមុខ។
ឯកឧត្តម បន្តថា បច្ចុប្បន្ន វិស័យកសិកម្មបានកំពុងជួបបញ្ហាលំបាក ដោយសារម្ខាងវិបត្តិជំងឺកូវីដ ១៩ ជាពិសេសការថែមនូវវិបត្តិថ្មីមួយទៀត ដែលបានអូសបន្លាយសង្រ្គាមរុស្សី-អ៊ុយក្រែន បានធ្វើឲ្យទំនិញឡើងថ្លៃ បានធ្វើឲ្យថ្លៃដើមសម្រាប់ការផលិតឡើងថ្លៃខ្ពស់ ដែលបញ្ហានេះត្រូវកញ្ចប់ថវិកាដើម្បីដោះស្រាយ ។
ជុំវិញបញ្ហានេះ,ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា ទាក់ទងសន្តិសុខស្បៀងនេះ ពិភពលោកនឹងជួបវិបត្តិម្អូបអាហារ នឹងអាចធ្វើឲ្យទំនិញកាន់តែឡើងថ្លៃបន្ថែមទៀតនៅឆ្នាំក្រោយនេះ, ប្រការទាំងនេះយើងត្រូវសហការអនុវត្តពីពេលនេះតទៅ, ក្នុងនោះរាជរដ្ឋាភិបាល ត្រូវតែជម្រុញការផលិតដើម្បីរក្សាសន្តិសុខស្បៀង ព្រោះបញ្ហាចំណីអាហារជារឿងសំខាន់បំផុត។
ឯកឧត្ដម វង្សី វិស្សុត ថ្លែងថា ចំពោះទំនិញឡើងថ្លៃនេះ បានធ្វើឲ្យប៉ះពាល់ក៏ពិតមែន ប៉ុន្តែវាក៏ជាឱកាសផងដែរ ដែលបញ្ហានេះ កម្ពុជាត្រូវដោះស្រាយច្រើន និងត្រូវវិនិយោគកន្លែងដែលមានភាពប្រកួតប្រជែង ការផលិតសម្រាប់ផ្គត់ផ្គង់ និងការនាំចេញ ។
ឯកឧត្ដម បញ្ជាក់ថា រាជរដ្ឋាភិបាល មានគម្រោងតភ្ជាប់ផ្លូវពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ខណៈដែលខេត្តកោះកុងបានកំពុងសាងសងកំពង់ផែ សម្រាប់បម្រើការនាំចេញផលិតផលកសិកម្ម, ចំណែកចំពោះការដឹកជញ្ជូនវិញ គឺយើងត្រូវគូរទាំងអស់ ដោយចាប់ផ្តើមពីកន្លែងផលិត ដល់ការនាំចេញផងដែរ៕អត្ថបទ៖ សុន រ៉ាឌី