ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៩ ខែមិថុនានេះ បានបើកសិក្ខាសាលាថ្នាក់ជាតិលើកទីមួយនា ស្តីពី “ការយល់ដឹងអំពីកិច្ចព្រមព្រៀងអាសិប និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីវិស័យឯកជនតាមវិស័យ ដែលពាក់ព័ន្ធ។
សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធីនៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងបញ្ជ្រាបការយល់ដឹងអំពីនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្រ ដើមកំណើតទំនិញតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures។
សូមបញ្ជាក់ថា ក្រោយការចរចាអស់រយៈពេល១០ឆ្នាំ កិច្ចព្រមព្រៀង អាសិប បានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដែលគ្របដណ្ដប់លើ ២០ជំពូក រួមមាន៖ ពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ ពាណិជ្ជកម្មសេវា វិធានអនាម័យ និងភូតគាម អនាម័យ ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព (STRACAP) ពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។
កិច្ចព្រមព្រៀងអាសិបនេះ មានសមាជិកចំនួន ១៥ប្រទេសរួមមាន ប្រទេសទាំង១០ដែលជាសមាជិកអាស៊ាន បូករួម ជាមួយប្រទេសសេដ្ឋកិច្ចជឿនលឿនចំនួន ៥ប្រទេសគឺ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង នូវែលហ្សេឡង់ ដែលតំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង ២៨% នៃពាណិជ្ជកម្មពិភពលោក (គិតត្រឹមឆ្នាំ២០១៩)៕ អត្ថបទ៖ បូរ៉ាវី