ភ្នំពេញ៖ គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច ដោយមានសមាភាពចូលរួមពីមន្រ្តីក្រសួងពាក់ព័ន្ធជាច្រើន បានសម្រេចអនុម័ត ផែនការសកម្មភាពជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ២០២២-២០២៦។
ឯកឧត្តមរដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច នៅថ្ងៃនេះបានដឹកនាំកិច្ចប្រជុំពេញអង្គ ដោយបានសម្រេចដាក់ឱ្យអនុម័ត ផែនការសកម្មភាពជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច ២០២២-២០២៦។
ក្នុងការដាក់សម្រេចអនុម័តនេះ ឯកឧត្តមរដ្ឋមន្រ្តី ហង់ ជួនណារ៉ុន លើកឡើងថា ផែនការសកម្មភាពជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច២០២២-២០២៦ ទី២នេះ រៀបចំឡើងតាមរយៈ ការពិគ្រោះយោបល់បែបពហុវិស័យជាមួយនឹងភាគីពាក់ព័ន្ធពីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលនានានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីទទួលបានធាតុចូលពេញលេញ និងមានបច្ចុប្បន្នភាព។
ឯកឧត្តម បន្តថា ផែនការសកម្មភាពជាតិបានបង្ហាញអំពីស្ថានភាពបច្ចុប្បន្នក្នុងការគាំពារឧត្តមានុវត្តន៍ដែលទទួលបានពីការអនុវត្តផែនការសកម្មភាពជាតិស្តីពីការគាំពារកន្លងមក បញ្ហាប្រឈមដែលជាអាទិភាពត្រូវបន្តដោះស្រាយ និងការបន្ស៊ីយុទ្ធសាស្ត្រជាមួយគោលនយោបាយជាតិ និងសកល និងផែនការយុទ្ធសាស្ត្រវិស័យពាក់ព័ន្ធផ្សេងៗទៀត ព្រមទាំងបានកំណត់នូវក្របខណ្ឌលទ្ធផលការងារ តាមរយៈសូចនាករស្នូល សកម្មភាព តម្រូវការថវិកា យន្តការពិនិត្យតាមដានវាយតម្លៃ និងអង្គភាពទទួលខុសត្រូវតាមអាទិភាព។
ផែនការសកម្មភាពជាតិនេះជាផែនទីបង្ហាញផ្លូវសម្រាប់គាំទ្រការអនុវត្តសកម្មភាពគាំពារ និងអភិវឌ្ឍន៍កុមារតូចនៅកម្ពុជា ដើម្បីសម្រេចគោលដៅតាមរយៈសូចនាករជាក់លាក់សម្រាប់វាស់វែងលទ្ធផលសម្រេចបានទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ៕ អត្ថបទ៖ គឹមហុក