អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីថា បានប្រព្រឹត្តអំពើភេរវកម្ម ខណៈលោកបានជំរុញឱ្យមានការបណ្តេញរុស្ស៊ីចេញពីអង្គការសហប្រជាជាតិ។ លោក Zelenskyy បានថ្លែងក្នុងសុន្ទរកថាពីទីក្រុង Kyiv ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ។

មេដឹកនាំអ៊ុយក្រែនរូបនេះបានអំពាវនាវឲ្យអង្គការសហប្រជាជាតិ បង្កើតតុលាការអន្តរជាតិមួយដើម្បីស៊ើបអង្កេតសកម្មភាពរបស់ទាហានរុស្ស៊ីនៅអ៊ុយក្រែន។ យើងត្រូវមានចំណាត់ការបន្ទាន់ និងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យរុស្ស៊ីបញ្ឈប់ការសម្លាប់កុមារ ប្រជាជន និងមនុស្សគ្រប់គ្នា ដោយលោកបានព្រមានថា បើមិនដូច្នេះទេសកម្មភាពភេរវកម្មរបស់រុស្ស៊ីនឹងរាលដាលដល់បណ្តាប្រទេសនៅអឺរ៉ុប និងអាស៊ីផ្សេងទៀត។ អ៊ុយក្រែនបានអំពាវនាវក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទៅលើផ្សារទំនើប ដែលមានមនុស្សច្រើននាក់នៅកណ្តាលទីក្រុង Kremenchuk បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ 18នាក់ស្លាប់ និងជាង 50នាក់ផ្សេងទៀតរងរបួស ហើយមនុស្សច្រើននាក់ទៀតនៅបាត់ខ្លួន។
លោក Zelenskyy បានបញ្ចេញវីដេអូដែលអះអាងថា បង្ហាញពីពេលដែលមីស៊ីលបានវាយប្រហារលើផ្សារទំនើបក្នុងទីក្រុង Kremenchuk។ លោកបាននិយាយថា វីដេអូនេះនឹងក្លាយជាភស្តុតាងដែលមីស៊ីលរបស់រុស្ស៊ី បានវាយប្រហារដោយចេតនាទៅលើទីតាំងផ្សារទំនើបនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីឧត្តមសេនីយ Igor Konashenkov បានអះអាងថា យន្តហោះចម្បាំងបានបាញ់មីស៊ីលស៊ីបគោលដៅទៅលើឃ្លាំងផ្ទុកអាវុធ និងគ្រាប់រំសេវរបស់ប្រទេសលោកខាងលិច ដែលបានផ្ទុះ និងឆេះហាងទំនិញនៅក្បែរនោះ៕
អត្ថបទ៖ ប៊ុនថន