ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ឲ្យតែមានការឃាត់ខ្លួន ឬឃុំខ្លួនសកម្មជន (គណបក្សប្រឆាំង) អង្គការសង្គមស៊ីវិល និងមេធាវីរបស់ពួកគេ តែងភ្ជាប់ទៅនឹងរឿងនយោបាយ ប៉ុន្តែមិនលើកយកសក្ខីកម្មផ្លូវច្បាប់មកនិយាយ ។
ក្នុងវេទិកាពិភាក្សាស្តីពី វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា នាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន មានប្រសាសន៍ថា អង្គការសង្គមស៊ីវិល កុំភ្ជាប់បញ្ហាសិទ្ធិមនុស្ស និងរឿងនយោបាយ ក្នុងការធ្វើសកម្មភាពរបស់ខ្លួន ដោយរឿងសិទ្ធិមនុស្ស ជាបច្ចេកទេសគិតទៅលើទិដ្ឋភាពសិទ្ធិមនុស្ស ហើយការអនុវត្តច្បាប់ ជារឿងបច្ចេកទេសច្បាប់ ត្រូវគិតផ្ដោតយកចិត្តទុកដាក់លើទិដ្ឋភាពច្បាប់ អង្គហេតុ និងអង្គច្បាប់ ហើយរឿងនយោបាយ គឺជារឿងផ្សេង កុំព្យាយាមយកមកភ្ជាប់គ្នា ។
ឯកឧត្តមបន្តថា នៅពេលសកម្មជនមួយប្រព្រឹត្តិល្មើសច្បាប់ ត្រូវបានផ្ដន្ទាទោសតាមនីតិវិធីតុលាការ ដោយមានមូលដ្ឋានផ្លូវច្បាប់ ផ្អែកលើអង្គហេតុ អង្គច្បាប់ បែរជាអង្គការសង្គមស៊ីវិល រួមទាំងមេធាវី មិននាំគ្នាទៅការពារតាមផ្លូវច្បាប់ ផ្ដល់អំណះអំណាងជាសក្ខីកម្ម ដើម្បីដោះបន្ទុកទេ តែចោទថាជារឿងនយោបាយ ត្រូវដោះនយោបាយសិនបានជួយបាន ។
នៅក្នុងវេទិកានេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានបង្ហាញ ពីការបន្តជួបជាមួយក្រុមអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សា និងដើម្បីយល់ចិត្តគ្នាកាន់តែច្រើនពាក់ព័ន្ធនឹងការចេញរបាយការណ៍ណាមួយ រួមទាំងពិភាក្សាលើសេចក្តីព្រាងច្បាប់ផ្សេងៗ ខណៈក្នុងវេទិកានេះ ក៏មានការចូលរួមពីមន្ត្រីអង្គការលីកាដូ សមាគមអាដហុក អង្គការខុមហ្វ្រែល និងអង្គការតម្លាភាព ជជែកពិភាក្សាគ្នា ក្នុងបញ្ហាសិទ្ធិមនុស្ស តុលាការ រួមទាំងការអនុវត្តច្បាប់ជាដើម ៕(ដោយ៖ បាន សុខរិទ្ធិ)

