ប្រណាំងរថយន្ត៖ រដូវកាលថ្មីនៃព្រឹត្តិការណ៍ប្រណាំង F1 ពិភពលោក ២០២១ បានចាប់ផ្តើមហើយចុងសប្តាហ៍កន្លងទៅនៅទីលាន Sakhir ប្រទេសបារ៉ែន។ ជើងឯកពិភពលោក ៧សម័យ Lewis Hamilton នៅតែជាតួឯកក្នុងការប្រកួតនេះ តែម្តងនេះមានការប្រជែងស្វិតស្វាញជាមួយកីឡាករហូឡង់ Max Verstappen របស់ក្រុម Red Bull។

កីឡាករវ័យក្មេង Max Verstappen ដែលគិតរំពឹងថានឹងជាគូប្រជែងស្វិតស្វាញរបស់ Hamilton រដូវកាលនេះ បានយកឈ្នះការប្រណាំងយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ និងចាប់ផ្តើមថ្ងៃអាទិត្យម្សិលមិញដោយនាំមុខគេ។ Verstappen ក៏ត្រូវបាន Hamilton នាំមុខវិញនៅពេលចូល Pit Lane ប្តូរកង់ តែរថយន្តរបស់ Verstappen នៅតែលឿនជាង Hamilton ដដែល ខណៈការប្រកួតមានការវ៉ាជែងគ្នានៅប៉ុន្មានជុំចុងក្រោយ។ Verstappen ទីបំផុតជែងផុត Hamilton បានសំរេចនៅពេលសល់ ៤ជុំទៀតចប់ តែកីឡាកររបស់ Red Bull រូបនេះត្រូវប្រគល់តំណែងលេខ ១ នេះទៅ Hamilton វិញដោយសារខុសលក្ខខណ្ឌវ៉ាជែងនៅចំណុចដែលជែងគ្នានោះ។ បើតាមច្បាប់របស់ F1 ការវ៉ាជែងបានសំរេចតែចេញក្រៅផ្លូវ ត្រូវតែផ្តល់ជំហរទៅឲ្យគូប្រជែងវិញ។ Hamilton ក៏បានរក្សាការនាំមុខរហូតដល់ទីព្រ័ត្រ និងយកឈ្នះការប្រកួតបើករដូវកាលនៅទឹកដីបារ៉ែននេះ។
លេខ៣ ក្នុងការប្រកួតនេះបានទៅ Valtteri Bottas របស់ Mercedes ខណៈលេខ៤ Lando Norris របស់ក្រុម McLaren និងលេខ៥ Sergio Perez របស់ក្រុម Red Bull។ Ferrari នៅតែចាប់ផ្តើមរដូវកាលមិនបានល្អ ខណៈ Charles LeClerc បានត្រឹមលេខ៦ ឯ Carlos Sainz បានលេខ៨។ កូនប្រុសជើងឯកពិភពលោក ៧សម័យកីឡាករ Mick Schumacher បានត្រឹមលេខ១៦ ជាមួយក្រុម Haas ស្របពេលអតីតកីឡាកររបស់ Ferrari ទាំងពីរ Sebastian Vettel លេខ១៥ និង Fernando Alonso វិលមក F1 វិញលេខ១៩។ បន្ទាប់ពីការប្រកួតនេះនឹងសម្រាកដល់ទៅ ៣សប្តាហ៍មុនបន្តទៅទឹកដីអ៊ីតាលី៕
អត្ថបទ៖នាង សុភាវុធ