សៀមរាប៖ អ្នកជំនាញសុខាភិបាល បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ សម្រុកទៅទទួលវ៉ាក់សាំងដូសជំរុញច្រើនជាងថ្ងៃមុនៗ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសមានការឆ្លងជំងឺកូវីដ១៩ ជាថ្មីឡើងវិញ ។
លោក លឹម ហេង ប្រធានមណ្ឌលចាក់វ៉ាក់សាំង នៃមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប មានប្រសាសន៍ថា ដំណើរការចាក់វ៉ាក់សាំងនៅក្នុងមន្ទីរពេទ្យខេត្ដសៀមរាប បានបើកដំណើរការជារៀងរាល់ថ្ងៃ មិនថាថ្ងៃសៅរិ៍ ឬថ្ងៃអាទិត្យនោះទេ ដោយក្រុមគ្រូពេទ្យបានផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់ ចាប់តាំងពីដូសទីមួយរហូតដល់ដូសជំរុញ។
លោកបានបន្ដថា ក្រោយពេលសម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានប្រកាសពីរកឃើញឆ្លងជំងឺកូវីដ១៩ ជាថ្មីនេះ លោកសង្កេតឃើញមានប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងច្រើនជាងសព្វដង ដោយក្នុងព្រឹកថ្ងៃទី២៩ ខែមិថុនានេះ ពួកគាត់បានទៅទទួលវ៉ាក់សាំងដូសជំរុញមានប្រមាណជាង ១០០នាក់ ។
លោកបានបន្ដថា អ្នកទៅទទួលវ៉ាក់សាំងភាគច្រើនជាដូសជំរុញ ក្នុងនោះក៏មានជនជាតិបរទេស ឬក្រុមនិស្សិតដែលបានទៅសិក្សានៅបរទេស ពួកគាត់បានទៅបំពេញវ៉ាក់សាំងដូសជំរុញនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាបផងដែរ។
លោកបានបន្ដថា ប្រភេទវ៉ាក់សាំងដែលបានផ្ដល់ជូនពលរដ្ឋមានអាស្ដ្រាហ្សេនីកា AstraZeneca និងភីស្វាយស័រ Pfizer ។លោក បានអំពាវដល់ប្រជាពលរដ្ឋ ដែលបានទទួលវ៉ាក់សាំងដូសទី១ដល់ដូសទី៥រួចហើយ ត្រូវគៀងគរមិត្តភ័ក្ដិ ឬបងប្អូនរបស់ខ្លួនទៅទទួលវ៉ាក់សាំងដូសជំរុញបន្ថែមទៀត ដើម្បីការពារ និងទប់ស្កាត់នូវជំងឺឆ្លងកូវីដ១៩នេះ ជាពិសេសការពារសុខភាពរបស់ខ្លួនឯង ដោយការពារប្រសើរជាងព្យាបាល បើទោះបីជំងឺកូវីដ១៩បានថមថយក្ដី៕



