ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន១៥ទីតាំង និងបានឃាត់មនុស្សចំនួន ៣១នាក់ រួមទាំងវត្ថុតាងជាច្រើន។
ការបង្ក្រាបនេះ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនានេះបានឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៣ដល់២៥ ខែមិថុនា បានចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច ចំនួន០៩ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដោយបានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិច ចំនួន១២នាក់(ស្រី៣) និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ចំនួន៨នាក់(ស្រី១) មកកាន់មន្ទីរប្រឆាំងគ្រឿងញៀនធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឍប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិច៕



