កីឡាឧត្តមសិក្សា៖ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៣ ដែលបានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការការប្រកួតអស់រយៈពេល ៩ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីបិទការប្រកួតនៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាជោគជ័យមួយដែលក្រសួងបានរៀបចំការប្រកួតក្របខណ្ឌកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសរហូតដល់ ១២ប្រភេទកីឡា ហើយមានគ្រឹះស្ថានអប់រំទូទាំងប្រទេសជាច្រើន បានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមប្រកួត និងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនផង និងដណ្ដើមលទ្ធផលល្អជូនសាលារបស់ខ្លួនផង។ ទន្ទឹមជាមួយគ្នា គណៈកម្មការបច្ចេកទេសនៃសហព័ន្ធកីឡាជាតិទាំង ១២ ក៏បានបំពេញភារកិច្ចដឹកនាំការប្រកួតប្រកបដោយយុត្តិធម៌ និងតម្លៃភាព រហូតរកឃើញកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំ ហើយក៏ជាឱកាសល្អមួយសម្រាប់សហព័ន្ធកីឡាជាតិ ក្នុងការពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេសរបស់ខ្លួន សម្រាប់ត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាជាតិលើកទី៣ នាចុងឆ្នាំ២០២២ នេះ ពិសេសត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ តែម្ដង។
យោងតាមរបាយការណ៍លោក ហួត សេងទ្រី ប្រធានគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ព្រឹត្តិការណ៍ថ្នាក់ជាតិក្របខណ្ឌកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសនេះគឺមានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ១,៤៤៣នាក់មកពីមានគ្រឹះស្ថានឧត្តមសិស្សា និងមធ្យមសិក្សាបច្ចេកទេសសរុបចំនួន៣៨ ដែលប្រកួតលើ ១២ប្រភេទកីឡាស្មើនឹង ៨៨វិញ្ញាសា។ ជាលទ្ធផលនៃការប្រកួតជាង ១សប្ដាហ៍កន្លងទៅ គ្រឹះស្ថានដែលដណ្ដើមបានមេដាយច្រើនជាងគេរួមមាន៖ សាកលវិទ្យាល័យអាស៊ីអឺរ៉ុបឈ្នះមេដាយសរុប ៣០គ្រឿង (មាស ២២, ប្រាក់ ៦ និងសំរឹទ្ធ ២), វិទ្យាស្ថានខេមអេដឈ្នះមេដាយសរុប ៣៤គ្រឿង (មាស ៩, ប្រាក់ ៩ និងសំរឹទ្ធ ១៦), វេស្ទើនឈ្នះមេដាយសរុប ១៧គ្រឿង (មាស ៨, ប្រាក់ ៥ និងសំរឹទ្ធ ៤) និងពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឈ្នះមេដាយសរុប ៣៣គ្រឿង (មាស ៧, ប្រាក់ ១៥ និងសំរឹទ្ធ ១១) រួមជាមួយគ្រឹះស្ថានចំនួន ២៣ទៀតក៏ដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធផងដែរ៕
អត្ថបទ៖ លី ឈុនឡា