បាល់ទាត់៖ កីឡាករដែលទិញចូលថ្លៃបំផុតជាកំណត់ត្រារបស់ក្លិបតោខៀវ Chelsea, Romelu Lukaku បានត្រលប់ទៅកាន់ទឹកដីអ៊ីតាលីចូលរួមជាមួយ Inter Milan វិញហើយនៅក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ Chelsea បាននាំយកកីឡាករវ័យ ២៩ឆ្នាំរូបនេះត្រលប់មកកាន់ទឹកដី Stamford Bridge វិញកាលពីខែសីហា ឆ្នាំ២០២១ ក្នុងតម្លៃ ៩៧.៥លានផោន។

ខ្សែប្រយុទ្ធជួរមុខរបស់ប៊ែលហ្ស៊ិករូបនេះបានស៊ុតបញ្ចូលទីសរុប ១៥គ្រាប់ឱ្យ Chelsea រដូវកាលមុន ក្នុងនោះមាន ៨គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ប្រកួតនៅ English Premier League។ យ៉ាងណាក្តី Romelu Lukaku ហាក់មិនសប្បាយចិត្តឡើយក្នុងជីវិតនៅ Stamford Bridge ជាពិសេសគឺក្រោមការដឹកនាំរបស់អ្នកចាត់ការអាល្លឺម៉ង់ Thomas Tuchel ពោលគឺមិនសូវជាប់ជំរើសដំបូងឡើយ។ ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea នេះត្រូវបានគេដឹងថា Inter Milan ត្រូវចំណាយលុយ ៨លានអឺរ៉ូ។
Inter Milan បញ្ចប់រដូវកាលមុនជាជើងឯករងក្របខណ្ឌអ៊ីតាលី Serie A ចាញ់ក្រុមជើងឯក AC Milan ២ពិន្ទុ។ រំលឹកថា Romelu Lukaku បានស៊ុតបញ្ចូលទីសរុប ៦៤គ្រាប់ក្នុងការបង្ហាញខ្លួន ៩៥ប្រកួតនៅ Inter Milan រយៈពេល ២រដូវកាល និងជាសមាជិកដ៏សំខាន់របស់ Inter Milan ក្នុងការឈ្នះជើងឯកអ៊ីតាលី Series A កាលពីរដូវកាល២០២០-២០២១៕
អត្ថបទ៖នាង សុភាវុធ