
ភ្នំពេញ៖ ក្រុមអាជីវករ បានលើកឡើងថា ការបើកអាជីវកម្មលក់បន្លែសុវត្ថិភាព ដែលដាំនៅក្នុងរោងសំណាញ់ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ មានការកើនឡើង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែកសិករមិនទាន់មានផលិតផលផ្គត់ផ្គង់គ្រប់គ្រាន់នៅឡើយទេ ខណៈការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកំពុងមានសន្ទុះ។
លោក ម៉េង សុងហោរ ម្ចាស់ផ្សារខ្មែរបន្លែធម្មជាតិ នៅសំណង់១២ បានលើកឡើងថា កាលពី៥ឆ្នាំមុន ការលក់បន្លែសុវត្ថិភាពមានមិនដល់១០ប្រេននោះទេ ប៉ុន្តែរយៈពេលចុងក្រោយនេះបានកើនឡើងជាច្រើនទៀត ហើយតម្លៃបន្លែក៏មិនខ្ពស់ប៉ុន្មាន ពីបន្លែដាំនៅតាមទីវាល និងមានការគាំទ្រច្រើន ព្រោះមានប្រភពច្បាស់លាស់ ការវេចខ្ចប់ក៏ល្អ រួមទាំងផ្ដល់អត្ថប្រយោជន៍ច្រើនទៀត ។
លោកបន្តថា បន្លែសុវត្ថិភាពដែលលក់នេះ ត្រូវបាននាំមកពីសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជា ជាទីតាំងប្រមូលផ្ដុំបន្លែដាំក្នុងរោងសំណាញ់ និងតំបន់មួយចំនួនទៀត ប៉ុន្តែមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។
ចំណែកលោក សាន ស អ្នកគ្រប់គ្រងហាងសួនធម្មជាតិ នៅខណ្ឌសែនសុខ ដែលនាំយកបន្លែសុវត្ថិភាពីសហភាពសហគមន៍បន្លែសុវត្ថិភាពដែរនោះបានឲ្យដឹងថា កសិករយល់ដឹងច្រើនពីការដាំដុះបន្លែសុវត្ថិភាព ការដឹកជញ្ជូន ការវេចខ្ចប់បានល្អនៅស្រស់ និងសូមឲ្យពួកគាត់បន្តដាំបន្លែប្រភេទនេះឲ្យមាននិរន្តរភាព និងស្វែងរកប្រភេទដំណាំថ្មីៗមកធ្វើការដាំដុះ ។
បើតាមលោក ជួ មករា ប្រធានសហភាពសហគមន៍ បន្លែសុវត្ថិភាពកម្ពុជា បានលើកឡើងថា រហូតមកដល់ពេលនេះ មានទីតាំងធ្វើអាជីវកម្មលក់បន្លែសុវត្ថិភាព ចំនួនប្រមាណ ៣០កន្លែងហើយ នាំយកបន្លែពីសភាពរបស់លោក ទៅចែកចាយបន្ត ។
លោកបញ្ជាក់ថា ចំពោះសន្ទុះនៃការគាំទ្របន្លែសុវត្ថិភាព ដែលដាំក្នុងរោងសំណាញ់កំពុងគាំទ្របន្ថែមពីពលរដ្ឋ ព្រោះបានយល់ដឹងពីអត្ថប្រយោជន៍របស់បន្លែសុវត្ថិភាព ខណៈសហភាពនេះ ក៏ជួយបង្រៀនពីបច្ចេកទេស ការផ្គត់ផ្គង់សម្ភារធ្វើរោងផ្ទះសំណាញ់ និងរកទីផ្សារជូនកសិករ ដែលមានបំណងដំបន្លែប្រភេទនេះផងដែរ ៕