អ៊ុយក្រែន៖ ការវាយប្រហារដោយមីស៊ីលត្រូវគេរាយការណ៍ថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់នៅអគារលំនៅឋានប្រជាពលរដ្ឋមួយកន្លែងក្នុងទីក្រុង Mykolaiv ភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងរុស្ស៊ីបង្កើនការវាយប្រហារសន្ធាប់ទៅលើសមរភូមិជួរមុខជាច្រើននៅថ្ងៃព្រហស្បតិ៍នេះ។

លោក Volodymyr Zelenskyy និយាយថា មីស៊ីលចំនួន ១០គ្រាប់បានធ្លាក់លើតំបន់លំនៅឋានប្រជាពលរដ្ឋរស់នៅនៃទីក្រុងកំពង់ផែ Mykolaiv កាលពីថ្ងៃពុធសម្លាប់មនុស្ស ៥នាក់ ស្របពេលកងកម្លាំងរុស្ស៊ីបង្កើនការវាយលុកហួសពីតំបន់ Donbas។ នៅក្នុងភាគខាងកើត អភិបាលខេត្ត Luhansk លោក Oleksandr Vilkul បាននិយាយថា មានការបាញ់ប្រយុទ្ធគ្នាគ្រប់ទីកន្លែងនៅក្នុងសមរភូមិជុំវិញទីក្រុង Lysychansk ដែលកងទ័ពរុស្ស៊ីកំពុងព្យាយាមចូលឡោមព័ទ្ធ។
អភិបាលក្រុង Kryvyi Rih នៅភាគកណ្ដាលអ៊ុយក្រែនបាននិយាយថា រុស្ស៊ីក៏បានបង្កើនការបាញ់ផ្លោងនៅទីនោះដែរកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។ ការបង្កើនវាយប្រហារដ៏សន្ធាប់នេះបានកើតមានឡើង ខណៈកងកម្លាំងរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានរុលទៅមុខយឺតៗ ប៉ុន្តែមានការរីកចម្រើនដោយមិននឹកស្មានដល់ក្នុងជម្លោះអូសបន្លាយចូលដល់ខែទី៥៕
អត្ថបទ៖ សុខមាន