អេស្ប៉ាញ៖ ខណៈកំពុងកាន់ផ្ទាំងបដាជាច្រើនដែលមានន័យថា ណាតូត្រូវបញ្ឈប់អំពើប្រល័យពូជសាសន៍របស់រុស្ស៊ីនៅអ៊ុយក្រែន និងណាតូត្រូវក្លាហានដូចអ៊ុយក្រែន ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នាជិតទីលានសាធារណៈក្នុងប្រទេសអេស្ប៉ាញ ដើម្បីទាមទារសុំឲ្យផ្ដល់អាវុធបន្ថែមទៀត ប្រយុទ្ធប្រឆាំងនឹងបិទដែនអាកាសជុំវិញប្រទេសដែលកំពុងជួបស្ថានភាពយ៉ាប់យ៉ឺនខ្លាំងមួយនេះ។

ក្រុមមនុស្សគាំទ្រសម្ព័ន្ធណាតូដ៏ធំបានប្រមូលផ្ដុំគ្នាក្នុងទីក្រុង Madrid កាលពីថ្ងៃពុធ ដើម្បីថ្លែងអំណរគុណដល់ក្រុមប្រទេសសម្ព័ន្ធយោធាទាំងឡាយ សម្រាប់ការគាំទ្រដល់អ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។ ការតវ៉ានេះបានកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានប្រាប់ក្រុមមេដឹកនាំសម្ព័ន្ធណាតូថា ប្រទេសរបស់លោកត្រូវការអាវុធទំនើប និងថវិកាបន្ថែមទៀតដើម្បីការពារខ្លួនទប់ទល់នឹងរុស្ស៊ី ដោយព្រមានថា មហិច្ឆតារបស់ក្រុង Moscow មិនបានបញ្ចប់ត្រឹមប្រទេសអ៊ុយក្រែននោះទេ។
លោក Yuriy Chopyk ប្រធានសហគមន៍ជនជាតិអ៊ុយក្រែននៅក្នុងប្រទេសអេស្ប៉ាញ បានថ្លែងអំណរគុណដល់សម្ព័ន្ធយោធាណាតូ ប៉ុន្តែបាននិយាយថា លោកកំពុងអំពាវនាវយ៉ាងដាច់ណាត់សុំជំនួយបន្ថែមទៀត ទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី ដែលលោកថា រុស្ស៊ីកំពុងកម្ទេចអ៊ុយក្រែនចោល។ កាលពីថ្ងៃអង្គារមុនជំនួបកំពូលសម្ព័ន្ធណាតូចាប់ផ្ដើម ក្នុងរដ្ឋធានីនេះក្រុមប្រឆាំងយោធា និងក្រុមបរិស្ថានក៏បានចេញតវ៉ានៅខាងមុខមហាវិទ្យាល័យយោធាក្នុងទីក្រុង Madrid ផងដែរ។ ក្រុមបាតុករដែលបានស្លៀកសម្លៀកបំពាក់ជាសិស្សបានអំពាវនាវសុំសន្តិភាព និងបានបង្ហាញការប្រឆាំងទៅនឹងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន