ភ្នំពេញ៖ ការវិនិយោគដោយផ្ទាល់របស់ចិននៅកម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ ២០៦លានដុល្លា ត្រីមាសទី១ ស្របពេលដែលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-កម្ពុជា មានកំណើនលំនឹងថេរ និងមានសុខុមមាលភាពជាលំដាប់។
ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងសិក្ខាសាលាស្តីពី ការទូតសេដ្ឋកិច្ចក្រោមគន្លងថ្មី ធ្វើឡើងកាលពីដើមសប្តាហ៍នេះ ថ្លែងថា ចាប់តាំងពីដើមឆ្នាំនេះ លទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានលក្ខណៈល្អប្រសើរ។
ឯកឧត្តម វ៉ាង វិនធាន លើកឡើងថា ក្នុងត្រីមាសទី១ ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុរបស់ចិននៅកម្ពុជា មានចំនួន ២០៦លានដុល្លារ មានកំណើន៣៥.២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ឯកឧត្តម បន្តទៀតថា ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជា ក្នុងរយៈពេល៥ខែដំបូង បានឈានដល់ ៤ ៩៩០ លានដុល្លារ មានកំណើន ២៦.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលឆ្លុះបញ្ចាំងថា ចិននៅតែបន្តជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់កម្ពុជា។
បន្ទាប់ពីមានការនាំចូលកសិកផលកម្ពុជាចូលទៅកាន់ទីផ្សារចិនដែលក្នុងនោះមានដូចជា ចេក ស្វាយ និងជលផលជាដើម ត្រីប្រាកម្ពុជា គ្រោងនឹងបញ្ចប់និតីវិធីសម្រាប់ការនាំចេញទៅកាន់ប្រទេសចិនជាផ្លូវការនាពេលខាងមុខនេះ។
ថ្លែងនៅចំពោះមុខអ្នកចូលរួម ជាមន្រ្តីរាជរដ្ឋាភិបាល វិស័យឯកជន និងមន្រ្តីទូតកម្ពុជាប្រចាំនៅប្រទេសនានា ឯកឧត្តម វ៉ាង វិនធាន លើកឡើងថា កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យកសិកម្មនៃប្រទេសទាំងពីរ ទទួលបានសមិទ្ធផលជាក់ស្តែងថ្មីមួយទៀត ដែលឆ្លុះបញ្ជាំងពីភាពធន់ដ៏រឹងមាំ និងការបំពេញឱ្យគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានក្លាយជាផ្នែកមួយដ៏សំខាន់ និងជាប្រភពកម្លាំងរស់រវើកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មររវាងកម្ពុជា ចិន សម្រេចបាន ១១.១៩ប៊ិលានដុល្លារ កើនឡើង៣៨ភាគរយធៀបនឹងឆ្នាំ២០២០ ខណៈកម្ពុជាបានទាក់ទាញការវិនិយោគចិនមានចំនួន ២.៣២ប៊ីលានដុល្លារ មានកំណើនជិត៧០ភាគរយ ធៀបនឹងឆ្នាំ២០២០ ដែលការវិនិយោគចិន តំណាងឱ្យ ៥៣.៤ភាគរយនៃការវិនិយោគសរុប ធ្វើឱ្យចិនបន្តក្លាយជាប្រភពវិនិយោគធំជាងគេនៅប្រទេសកម្ពុជា៕អត្ថបទ៖ វណ្ណៈ









