ភ្នំពេញ៖ អ្នកជំនាញកសិកម្មចង់ឲ្យប្រជាពលរដ្ឋដាំដុះបន្លែ តាមរយៈការធ្វើទំនើបកម្ម ដោយប្រើផ្ទះសំណាញ់ ដោយអាចធ្វើឲ្យកសិករចំណេញពេលក្នុងការដាំដុះ តម្លៃលក់ចេញខ្ពស់ អាចប្រកួតប្រែងជែង និងដើម្បីកាត់បន្ថយនៃការនាំចូលបន្លែពីក្រៅប្រទេស។
លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Tropicam Fruit and Vegetable លើកឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការតម្រង់ទិសអាទិភាពនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងប្រក្រតីភាពថ្មីឆ្នាំ ២០២៣ ដោយរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា លោកឧកញ៉ាបានរៀបចំសាកល្បង មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូនៅ នៅស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក ស្របតាមស្តង់ដាការអនុវត្តកសិកម្មល្អ ហៅថា (GAP) ដើម្បីជម្រុញខ្សែសង្វាក់ផលិតកម្មនៃការដាំដុះបន្លែក្នុងស្រុក ដោយប្រើផ្ទះសំណាញ់។ តាមរយៈនៃការដាំដុះរបៀបនេះ បានបង្ហាញឲ្យឃើញថា ក្នុងមួយឆ្នាំការដាំដុះក្នុងផ្ទះសំណាញ់ អាចដាំដុះ បាន ៨ ទៅ៩ ដងក្នុងមួយឆ្នាំ ។
លោកឧកញ៉ា បន្តថា ចំណែកការដាំដុះរបស់ប្រជាពលរដ្ឋនៅតាមទីវាល កសិករអាចដាំដុះបាន ៣ ទៅ ៤ក្នុងមួយឆ្នាំ និងជួបបញ្ហា ជាច្រើនដូចជា ថ្លៃដើមផលិតខ្ពស់ បន្លែគ្មានសុវត្ថិភាព និងការលក់តាមទីផ្សារមានតម្លៃថោក។ បញ្ហានេះ កសិករគួរងាយមកធ្វើទំនើបកម្ម គឺការដាំដុះដោយប្រើផ្ទះសំណាញ់ គឺអាចជួយឲ្យកសិករធ្វើការដាំដុះបានច្រើនដង បន្លែមានសុវត្ថិភាព តម្លៃលក់ចេញខ្ពស់ និងអាចបំពេញតម្រូវការបន្លែទីផ្សារក្នុងស្រុក ជាពិសេសចូលរួមកាត់បន្ថយនៃការនាំចូលបន្លែពីក្រៅប្រទេសផងដែរ។
ចំណែក, ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តវិធានការជាច្រើន ក្នុងនោះសម្រាប់ការដាំដុះ និងបានជម្រុញលើកទឹកចិត្តដល់អ្នកវិនិយោគ ត្រូវធ្វើទំនើបកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាពប្រកួតប្រជែង ដោយផ្តោតលើការប្រើប្រាស់នូវបច្ចេកវិទ្យាវ័យឆ្លាត ក្នុងគោលដៅធ្វើឲ្យមានកំណើនប្រកបដោយចីរភាព និងការបង្កើនភាពធុនទៅនឹងការប្រែប្រួលអាកាសធាតុជាដើម ដើម្បីគាំទ្រដល់ការដាំដុះប្រកបដោយចីរភាព។
សូមបញ្ជាក់ថា ក្នុងរយៈកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន សមាគម ឯកជននានាមួយចំនួន លើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងជំរុញខ្សែចង្វាក់ តម្លៃបន្លែសុវត្ថិភាពតាមស្តង់ដាការអនុវត្តកសិកម្មល្អ (GAP) ដើម្បីបំពេញតម្រូវការបន្លែក្នុងស្រុក និងឆ្ពោះទៅនាំចេញ ក្នុងនោះចំពោះ គម្រោងក្រុមហ៊ុន Tropicam Fruit and Vegetable គឺមានគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលបន្លែសុវត្ថិភាព ដើម្បីជួយជំរុញផលិតកម្មបន្លែ ស្លឹក ផ្លែឈើ មើម ប្រកបដោយសុវត្ថិភាពតាមស្តង់ដា GAP នឹងគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបបម្រើឱ្យវិស័យបន្លែសុវត្ថិភាព៕ អត្ថបទ៖ សុន រ៉ាឌី





