ភ្នំពេញ៖ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ការអនុវត្តការផាកពិន័យចំពោះអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ) ដែលមិនបានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្ម។ ជាមួយនេះបានកត់សម្គាល់ឃើញថា រយៈពេលចុងក្រោយនេះឃើញមានអាជីវករយ៉ាងច្រើនកុះករ នាំគ្នាដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ ដើម្បីបន្តពាណិជ្ជកម្មដោយស្របច្បាប់។ក្រុមអាជីវករដែលកំពុងរងចាំដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម បាននិយាយប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីរសៀលថ្ងៃទី២៩ មិថុនា ឆ្នាំ២០២២នេះថា ព័ត៌មានដែលរដ្ឋតម្រូវឱ្យចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនេះ គឺបានដឹងយូរហើយដែរ ប៉ុន្តែពួកគាត់មិនទាន់បានត្រៀមខ្លួនទេ ព្រោះនៅពេលមានការចុះបញ្ជី រដ្ឋនឹងតម្រូវឱ្យមានការបង់ពន្ធផ្សេងៗ ខណៈការលក់ដូររបស់ពួកគាត់ មិនមានភាពច្បាស់លាស់ ហើយលក់តែពេលណាទំនេរប៉ុណ្ណោះ។
ដោយឡែក ការសម្រេចមកដាក់ពាក្យស្នើរសុំចុះបញ្ជីក្នុងពេលនេះ ពួកគាត់បានលើកឡើងថា ដោយសារចង់បន្តអាជីវកម្មដោយស្របច្បាប់ និងគ្មានបញ្ហាទើសទាល់ផងដែរចំពោះថ្លៃសេវាក្នុងការចុះបញ្ជីនេះ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការតម្រូវឲ្យអ្នករកស៊ីតាមប្រព័ន្ធអនឡាញចុះបញ្ជីឈ្មោះនេះ ក្នុងគោលបំណងគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ) ក្នុងប្រទេសកម្ពុជា និងជាមួយអន្តរជាតិ ក៏ដូចជាដើម្បីបង្កើតភាពប្រាកដប្រជាផ្នែកគតិយុត្តប្រតិបត្តិការពាណិជ្ជកម្ម និងរដ្ឋប្បវេណីតាមប្រព័ន្ធអេឡិចត្រូនិក។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការតម្រូវនេះដែរ មិនដាច់ខាតទាំងអស់ទេ ក្នុងនោះក៏មានលើកលែងសម្រាប់មុខរបរមួយចំនួនផងដែរ ដូចជាការលក់ទំនិញជាស្នាដៃសិល្បៈ, ការបង្ហាត់បង្រៀនសិស្សតាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់បង្រៀនជាសិក្ខាសាលា និងការកក់បម្រុងទុកនូវសេវាដែលមិនមានការកក់ប្រាក់ គឺអាចផ្ដល់ព័ត៌មានផ្សេងៗសម្រាប់អតិថិជន ឬអ្នកប្រើប្រាស់របស់អ្នកជាដើម។
សូមជម្រាបថា តម្លៃសេវាចុះបញ្ជីពាណិជ្ជកម្មសម្រាប់អ្នករកស៊ីអនឡាញ មានតម្លៃសេវាសាធារណៈត្រឹមតែ ២០ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់រូបវន្តបុគ្គល និង៤០ម៉ឺនរៀលសម្រាប់នីតិបុគ្គល ដែលមានសុពលភាពរយៈពេល២ឆ្នាំ។
គិតរហូតមកដល់ពេលនេះ ជាលើកទី៣ហើយ ដែលក្រសួងពាណិជ្ជកម្ម បានសម្រេចពន្យារពេលការផាកពិន័យដល់អ្នកប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ដោយកន្លងមកក្រសួងធ្លាប់បានកំណត់ឱ្យមានមុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១, លើកទី២ ឱ្យបានមុនថ្ងៃទី១ ខែមីនា ឆ្នាំ ២០២២ និងលើកទី៣ ត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។សូមបញ្ជាក់ទៀតថា ការអនុវត្តច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចាប់ផ្តើមក្នុងឆ្នាំ២០១៩មកម្ល៉េះ៕ អត្ថបទ ឈិត បូរ៉ាវី