មីយ៉ាន់ម៉ា៖ ការបាញ់សម្លាប់ក្រុមបាតុករប្រឆាំងរដ្ឋប្រហារជាង ១០០នាក់នៅក្នុងសហភាពមីយ៉ាន់ម៉ា បានធ្វើឱ្យមានការខឹងសម្បារជាសកល ដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសចំនួន ១២ បានថ្កោលទោសយោធា។

សហរដ្ឋអាមេរិកបានចោទប្រកាន់កងកម្លាំងសន្តិសុខថាជា “រជ្ជកាលនៃភេរវកម្ម” កាលពីថ្ងៃសៅរ៍ ដែលជាថ្ងៃដ៏អាក្រក់បំផុតចាប់តាំងពីរដ្ឋប្រហារកាលពីខែមុន។ មេដឹកនាំរដ្ឋប្រហារលោក Min Aung Hlaing និងក្រុមឧត្តមសេនីយ៍របស់លោក នៅតែរៀបចំពិធីជប់លៀងដ៏អធិកអធម នៅយប់នៃទិវាកងកម្លាំងប្រដាប់អាវុធ។ កាលពីថ្ងៃអាទិត្យពិធីបុណ្យសពផ្សេងៗ ត្រូវបានធ្វើឡើង ដោយមានរបាយការណ៍ខ្លះនិយាយថា កងកម្លាំងយោធាបានព្យាយាមធ្វើអន្តរាគមន៍ក្នុងពិធីកាន់ទុក្ខនេះ។
ពេលនេះមនុស្សជាង ៤០០នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបបាតុកម្មនៅសហភាពមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ។ សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីក៏ស្ថិតក្នុងចំណោមប្រទេសហត្ថលេខី នៃសេចក្ដីថ្លែងការណ៍មួយដែលនិយាយថា យោធាដែលមានជំនាញវិជ្ជាជីវៈធ្វើតាមស្តង់ដារអន្តរជាតិ សម្រាប់ការប្រព្រឹត្ត និងទទួលខុសត្រូវក្នុងការការពារ – មិនបង្កអន្តរាយដល់ប្រជាជនដែលខ្លួនបម្រើនោះទេ៕
អត្ថបទ៖ សុខមាន