វាយកូនបាល់៖ អតីតជើងឯក Grand Slam, Wimbledon ពីរសម័យ Andy Murray បានធ្លាក់ពីការប្រកួតហើយនៅត្រឹមជុំទី២ ក្រោយចាញ់កីឡាករកម្ពស់ខ្ពស់អាមេរិក John Isner។

កីឡាករអាមេរិកសេវាខ្លាំង John Isner បានយកឈ្នះពីរសិតដំបូង ៦-៤ និង ៧-៤(៧-៤) មុនពេលដែលអតីតកីឡាករលេខ ១ ពិភពលោក Andy Murray តាមបានមួយសិតវិញនៅសិតទីបី ៧-៦(៧-៣)។ យ៉ាងណាក្តីបេក្ខភាពវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៨ John Isner មិនភ្លាត់ឡើងនៅសិតទីបួនជាមួយនឹងជ័យជំនះ ៦-៤ តាមរយៈការវាយសេវាបានពិន្ទុសរុប ៣៦លើក។ ជុំបន្ត John Isner នឹងត្រូវជួបជាមួយកីឡាករលំដាប់ទី ១០ សញ្ជាតិអ៊ីតាលីវ័យ ២០ឆ្នាំ Jannik Sinner។ ផ្ទុយពី Andy Murray មិត្តរួមចក្រភពអង់គ្លេស Cameron Norrie បានឈានទៅជុំទី៣ ហើយក្រោយយកឈ្នះកីឡាករអេស្ប៉ាញ Jaume Munar ទាំងលំបាកដល់ទៅ ៥សិតទើបដឹងចាញ់ឈ្នះ ៦-៤, ៣-៦, ៥-៧, ៦-០ និង ៦-២។ ជុំបន្ត Cameron Norrie ដែលមានលំដាប់ថ្នាក់លេខ ៩ ក្នុងកម្មវិធីនឹងត្រូវជួបជាមួយកីឡាករអាមេរិក Steve Johnson ខណៈជ័យជំនះនឹងធ្វើឱ្យ Cameron Norrie ឈានទៅជុំទី៤ Wimbledon ជាលើកដំបូងក្នុងអាជីព។
ក្រឡេកមកបេក្ខភាពជើងឯក Novak Djokovic គ្មានបញ្ហាឡើយក្រោយយកឈ្នះកីឡាករអូស្ត្រាលី Thanasi Kokkinakis បីសិតផ្ទួនៗ ៦-១, ៦-៤ និង ៦-២។ ជ័យជំនះរបស់កីឡាករស៊ែបវ័យ ៣៥ឆ្នាំរូបនេះធ្វើឱ្យគេបន្តដំណើរស្វែងរកជើងឯក Wimbledon បួនលើកជាប់គ្នាដោយនឹងជួបជាមួយកីឡាករមិត្តរួមជាតិស៊ែប Miomir Kecmanovic។ ដោយឡែកគូចុងក្រោយនេះ ជើងឯករង French Open ថ្មីៗកីឡាករណ័រវេយ Casper Ruud បានធ្លាក់ចេញពីការប្រកួតហើយក្រោយចាញ់កីឡាករបារាំង Ugo Humbert ៣ សិតទល់នឹង ១ ពិន្ទុ ៣-៦, ៦-២, ៧-៥ និង ៦-៤៕
អត្ថបទ៖នាង សុភាវុធ