ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើដាស់តឿនជាថ្មីម្តងទៀត ដល់នគរបាលគ្រប់ជាន់ថ្នាក់ទាំងអស់ គប្បីធ្វើឱ្យប្រជាពលរដ្ឋគោរពស្រលាញ់ កុំធ្វើឱ្យពួកគាត់គ្រាន់តែឮឈ្មោះ ឃើញមុខស្អប់ខ្ពើម និងមិនចង់ជួបនោះទេ ខណៈករណីបែបនេះ គឺធ្លាប់មានកន្លងមកហើយ ជាពិសេសករណីនគរបាលដើរគំរាមកំហែង ចាប់គេមិនដឹងហេតុផល ។
ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅរបស់សិស្សនគរបាល កម្ពស់២ជាន់ បើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ (ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ) ។
សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា«យើងអត់ជាប់រវល់នឹងកាន់កាំភ្លើងទៅធ្វើសង្រ្គាមទេ...ប៉ុន្តែរវល់នឹងកិច្ចការរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់រៀបរយសាធារណៈជូនប្រជាពលរដ្ឋ។ ដូច្នេះត្រូវសិក្សារៀនសូត្រ សំខាន់គឺឲ្យដឹងអំពីសិទ្ធិតួនាទីភារកិច្ចរបស់នគរបាល ដែលជាអ្នកបំរើប្រជាពលរដ្ឋ។ ប្រសិនបើគាត់ជឿទុកចិត្តយើង មានអ្វីក៏ពួកគាត់ប្រាប់ និងសហការជាមួយយើង តែបើយើងចូលចិត្តតែដើរគំរាមកំហែងគេ ចាប់មាន់គេ និងចាប់កូនគេនោះគឺមិនសមនឹងឲ្យពួកគាត់ជាប្រជាពលរដ្ឋនោះគោរព ស្រលាញ់ និងជឿទុកចិត្តលើយើងនោះឡើយ»។
សម្ដេចក្រឡាហោម បានលើកឡើងទៀតថា ក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់លើកង កម្លាំងនគរបាលជាប់ជាប្រចាំតាមរយៈការបណ្តុះបណ្តាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំង ប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបានផ្ដោតសំខាន់ទៅលើការ ធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍ សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាលផងដែរ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិគឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញ បច្ចេកទេស និងអាកប្បកិរិយាល្អ ក្នុងការរក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ៕អត្ថបទ៖ បាន ចក់









