ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រកាសផ្លូវការប្រើប្រាស់សៀវភៅទេសចរណ៍ថ្នាក់ទី១១ សម្រាប់បង្រៀន និងរៀនចំពោះសិស្សានុសិស្សថ្នាក់ទី១១ នៅតាមសាលារដ្ឋ និងឯកជន ចាប់ពីថ្ងៃបើកបរវេសនកាលសិក្សាឆ្នាំក្រោយនេះតទៅ។
នៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ប្រើប្រាស់សៀវភៅទេសចរណ៍ថ្នាក់ទី១១ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ការដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍ទៅក្នុងកម្រិតសិក្សាចំណេះដឹងទូទៅនេះគឺជាទិសដៅយុទ្ធសាស្រ្តនៃផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមជំរុញការបណ្តុះបណ្តាល និងលើកកម្ពស់ធនធានអ្នកជំនាញទេសចរណ៍ ឱ្យឆ្លើយតបទាំងបរិមាណ និងគុណភាពស្របតាមតម្រូវការ អភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍។
ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ជាក់ស្តែងបច្ចុប្បន្ន ក្រសួងអប់រំយុវជននិងកីឡា ដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍ តាំងពីថ្នាក់ទី៩ ហើយតាមរយៈការដាក់បញ្ចូលសៀវភៅទេសចរណ៍ថ្នាក់ទី១១នេះ នឹងចូលរួមចំណែកជួយជម្រុញផ្តល់ការបណ្តុះបណ្តាលជំនាញយុវជនក្នុងវិស័យទេសចរណ៍អោយបាន ២លាននាក់ នៅឆ្នាំបន្តបន្ទាប់នេះតទៅ។
សម្រាប់ការដាក់កម្មវិធីសិក្សាទេសចរណ៍នៅតាមសាលារៀនរដ្ឋ និងឯកជននេះ បណ្តាលោកអ្នកគ្រូ និងសិស្សានុសិស្សបានបង្ហាញការប្តេជ្ញាចិត្តនិងខិតខំរៀនសូត្រវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា អោយបានល្អប្រទេស និងទាក់ទាញភ្ញៀវទេសចរណ៍។
បើតាមលោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា បច្ចុប្បន្នសៀវភៅទេសចរណ៍ថ្នាក់ទី១១ គឺបានបោះពុម្ភប្រមាណជាង៣ម៉ឺនច្បាប់ ហើយក្រសួងអប់រំបានចែកចាយទៅតាមបណ្តាសាលារៀនរដ្ឋទាំងអស់នៅទូទាំងប្រទេសរួចហើយ ខណៈសៀវភៅទេសចរណ៍ថ្នាក់ទី១១ នេះដាក់ដំណើរការបង្រៀន និងរៀននៅតាមសាលារៀនរដ្ឋចាប់ពីថ្ងៃបើកបរវេសនកាលថ្មី ឆ្នាំសិក្សា២០២៣ ឆ្នាំក្រោយនេះតទៅ៕ អត្ថបទ ស៊ុម សុខជា