ខេត្តព្រះវិហារ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានអញ្ជើញចូលរួមដឹកនាំប្រជុំត្រួតពិនិត្យកម្លាំងនគរបាលការពារព្រំដែនគោក ចំណុះវរសេនាតូច ទិសភូមិភាគទី៤ ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងទាំងអស់ និងបានថ្លែងការកោតសរសើរចំពោះវីរភាពអង់អាចក្លាហានក្នុងការការពារទឹកដី ដែលនេះគឺជាគំរូមួយសម្រាប់អ្នកជំនាន់ក្រោយ។ ចំពោះកិច្ចការពារព្រំដែន ឯកឧត្តម ក៏បានណែនាំឲ្យកងកម្លាំងទាំងអស់ ត្រូវសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងអាវុធខុសច្បាប់។
លោកប្រធាននាយកដ្ឋាន ក៏បានជំរុញឲ្យកម្លាំងទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញ តាមរយៈការបណ្ដុះបណ្ដាលជំនាញដល់មន្ត្រី មន្ត្រីបន្តវេនឲ្យរឹតតែមានសមត្ថភាពបន្ថែមទៀត ជាពិសេសត្រូវថែរក្សាឲ្យបាននូវសាមគ្គីសាមគ្គីភាពផ្ទៃក្នុង និងមានសីលធម៌ខ្ពស់ គោរពវិន័យ គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ឲ្យបានម៉ឺងម៉ាត់ ជាពិសេសថែរក្សាសុខភាពឲ្យបានល្អ និងរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយរួសរាន់ទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសជំរុញអោយបានគ្រប់ៗគ្នា អនុវត្តតាមវិធានសុខាភិបាលឲ្យបានត្រឹមត្រូវ ដោយពាក់ម៉ាស់ រក្សាគម្លាត និងលាងដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់៕




