ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ជារៀងរាល់ឆ្នាំ ថ្ងៃទី ១ ខែកក្កដា គឺជា ទិវា ដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តែងតែ ប្រារព្ធទិវា មច្ឆជាតិ ដែល រៀបចំឡើង ក្នុង ស្មារតី ចូលរួម ផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្ស ធនធានធម្មជាតិអោយបានគង់វង្ស។
ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បីបំផុសចលនាប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រីឱ្យមានក្នុងដែនទឹកធម្មជាតិបង្កើនផលត្រី នៅតំបន់ឆ្ងាយពីដែននេសាទផងជាពិសេសតាម តំបន់សមស្រប នៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស ៕




