បន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសរំលឹកពីគ្រាដែលឯកជនកាន់កាប់ឡូតិ៍នេសាទ ដោយបង្កការលំបាកលំបិតបំផុតដល់ប្រជាពលរដ្ឋ និងប្រជានេសាទ រហូតដល់មានអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ និងជម្រោះរ៉ាំរ៉ៃផ្សេងៗរាប់មិនអស់។
សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជំរុញចរន្ត នៃការចិញ្ចឹមត្រី ដើម្បីធានាការផ្គត់ផ្គង់ដល់តម្រូវការប្រជាពលរដ្ឋ។ សម្តេចបន្តថា ពេលនេះ តម្លៃត្រីមានកើនឡើង ខណៈសាច់មាន់ សាច់ជ្រូក និងសាច់ផ្សេងៗ បែរជាមានការធ្លាក់ខ្លះទៅវិញ ដែលនេះផ្អែកលើតម្រូវការជាក់ស្តែងរបស់អ្នកទទួលទានប៉ុណ្ណោះ។
