ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយសម្ដេចបានគូសបញ្ជាក់ថា “បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង”។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានកន្លងទៅថ្មីៗនេះ ទោះជាបោះឱ្យគណបក្សនយោបាយណាក៏ដោយ ដែលនេះជាទម្រង់ នៃលទ្ធផលប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ និងអំពាវនាវ ដល់ពលរដ្ឋឱ្យបន្តបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខបន្តទៀត ដែលជាសក្ខីភាពបង្ហាញពីភាពជឿជាក់ទុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរ អំពីគុណតម្លៃនៃសុខសន្តិភាព ដែលប្រទេសកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ដោយសម្តេចបានបញ្ជាក់ថា តម្លៃសន្តិភាពនេះគឺពិតជាមិនអាចខ្វះបាននោះឡើយ ខណៈសន្តិភាពនេះបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើនស្ទើគ្រប់វិស័យនោះ៕
