ស៊ីហ្គេម៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានជំរុញកីឡាករ-កីឡាការិនីរបស់ខ្លួនត្រូវបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំង ដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅរកមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះតែម្ដង។
ឯកឧត្តមបានគូសបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ និងពិធីប្រកាសសមាសភាពក្រុមកីឡាកងយោធពលខេមរភូមិន្ទ នៅទីស្ដីការក្រសួងការពារជាតិកាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ។ ក្នុងឱកាសនោះ ឯកឧត្តមបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង យកចិត្តទុកដាក់ហ្វឹកហ្វឺនប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំរបស់ថ្នាក់ដឹកនាំ កីឡាករ-កីឡាការិនី ធ្វើឲ្យវិស័យកីឡាកងយោធពលខេមរភូមិន្ទសម្រេចបានផ្លែផ្កាយ៉ាងល្អប្រសើរ តាមរយៈការចូលរួមការប្រកួតកីឡាគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ។
យ៉ាងណាក្ដី ប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានជំរុញ និងលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំធ្វើការយកចិត្តទុកដាក់ ហើយកីឡាករ-កីឡាការិនីត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាព ក្នុងនោះអ្នកដណ្ដើមមេដាយសំរឹទ្ធ ឬមេដាយប្រាក់ ត្រូវព្យាយាមអភិវឌ្ឍន៍សមត្ថភាពឲ្យបានខ្លាំង ឈានទៅដណ្ដើមឲ្យបានមេដាយមាស ពិសេសក្នុងឋានៈជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ មិនតែប៉ុណ្ណោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានជំរុញឲ្យកីឡាករ-កីឡាការិនីចូលរួមយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានដឹង ហើយត្រៀមខ្លួនចូលរួម និងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះទាំងអស់គ្នាទៀតផង។
ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុប្រធានអចិន្ដ្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ក្នុងរបាយការណ៍សម្រាប់សមិទ្ធផលក្នុងឆមាសទី១ ឆ្នាំ២០២២ ថា ទោះបីក្នុងបរិបទកូវីដ-១៩ យ៉ាងណាក្ដី តែសកម្មភាពកីឡារបស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានចូលរួមយ៉ាងផុសផុលទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសការប្រកួតដែលក្រុមកីឡាករ-កីឡាការិនីនៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ទទួលបានមេដាយសរុបរហូតដល់ ៩៤គ្រឿងក្នុងនោះមានមេដាយមាស ៣៥, ប្រាក់ ២៥ និងសំរឹទ្ធ ៣៤ ពិសេសក៏មានមេដាយមាស ៣ ប្រាក់ ៥ និងសំរឹទ្ធ ១៥គ្រឿងពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមកាលពីថ្មីៗផងដែរ។
ចំពោះសមាសភាពក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ដែលត្រូវបានប្រកាសក្នុងកម្មវិធីនេះវិញរួមមានឯកឧត្តម ឡាំង អូណា ត្រូវបានតំឡើងពីសមាជិកមកជាអនុប្រធាន រួមជាមួយអគ្គលេខាធិការង ៧រូបផ្សេងទៀតរួមមានឯកឧត្តម គឹម រស្មី, លោក ស៊ន សម្បត្តិ, លោក ទូច សុភអវតា, លោក លីម សាំងហុង, លោក កែន សុភារ៉ា, លោក ស៊ាម ចន្ធី និងលោក ហៃ គឹមសាន៕
អត្ថបទ៖ លី ឈុនឡា