ប្រដាល់៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចាត់ទុកព្រឹត្តិការណ៍ «សង្វៀនគុនខ្មែរជើងឯកពិភពលោក ឬ World Fight Tournament 2022 / Kun Khmer Series» គឺជាឱកាសដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីនៃក្រុមជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សុខឃន អគ្គលេខាធិការសហព័ន្ធ ក្រោយបញ្ចប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ មុនព្រឹត្តិការណ៍ថ្មីលំដាប់អន្ដរជាតិមួយនេះនឹងចាប់ផ្ដើមការប្រកួតកម្មវិធីដំបូងរបស់ខ្លួននាថ្ងៃទី០៦ ខែកក្កដាសប្ដាហ៍ក្រោយ។ អគ្គលេខាធិការសហព័ន្ធដដែលបានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះ សហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិទាំងអស់ចូលរួមប្រកួត ពិសេសម្ចាស់មេដាយស៊ីហ្គេមដើម្បីពង្រឹងសមត្ថភាព និងបទពិសោធន៍ប្រកួតអន្ដរជាតិឲ្យកាន់រឹងមាំ សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំក្រោយ។ បើតាមការបញ្ជាក់របស់លោក តូនី អាន់ ប្រធានស្ថាប័ន World Fight បានឲ្យដឹងថា តាមគម្រោងព្រឹត្តិការណ៍ «សង្វៀនគុនខ្មែរជើងឯកពិភពលោក» លើកដំបូងនៅកម្ពុជានេះនឹងរៀបចំរយៈពេលកន្លះឆ្នាំ ដោយមាន ១១កម្មវិធីចាប់ពីខែកក្កដារហូតដល់ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងរួមចំណែកផ្សព្វផ្សាយពីប្រដាល់គុនខ្មែរផង និងចូលរួមអភិវឌ្ឍវិស័យកីឡាមួយនេះ ឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិផង ពិសេសត្រៀមដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
សម្រាប់គូប្រកួតបើកឆាកកម្មវិធីទី១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែកក្កដាខាងមុខគឺមានគូខ្លាំងប៉ះខ្លាំង ៥គូរួមមានកីឡាករកម្ពុជា កាន់ ម៉េងហុង ជួបកីឡាករអូស្ដ្រីលី Dylan Eagle ទម្ងន់ ៥៥,៣គីឡូក្រាម។ កីឡាករកម្ពុជា បឺត សង្ឃឹម ជួបជើងខ្លាំងថៃ Penthep Eakmuangnon ទម្ងន់ ៥៧,២គីឡូក្រាម។ កីឡាករ ម៉ឺន មេឃា ជួបកីឡាករប្រេស៊ីល Felype Souza ទម្ងន់ ៦១,២គីឡូក្រាម។ ជើងខ្លាំងប្រដាល់ថៃ Buakaw Banchamek ជួបជើងខ្លាំងប៉េឡារុស Varats Dzmitry ទម្ងន់ ៧១គីឡូក្រាម និងកីឡាការិនី ទូច ច័ន្ទវត្តី ជួបកីឡាការិនីអេស្ដូនី Marie Ruumet។ ការប្រកួតនេះនឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី នៅពហុកីឡដ្ឋានជាតិមរតកតេជោចាប់ពីម៉ោង ៥ល្ងាចតទៅ៕
អត្ថបទ៖ លី ឈុនឡា