ចិន៖ ទីក្រុងហុងកុងនៅថ្ងៃសុក្រនេះបានប្រារព្ធខួប ២៥ឆ្នាំចាប់តាំងពីការប្រគល់ទៅឲ្យចិនគ្រប់គ្រងពីចក្រភពអង់គ្លេស។ លោកប្រធានាធិបតីចិន Xi Jinping គ្រោងចូលរួមព្រឹត្តិការណ៍រំឭកខួបនេះ។

លោក Xi បានទៅដល់ទីក្រុងហុងកុងកាលពីថ្ងៃព្រហស្បតិ៍ និងបានជួបប្រមុខដឹកនាំក្រុងហុងកុងដែលទើបផុតអាណត្តិលោកស្រី Carrie Lam និងក្រុមមន្ត្រីជាច្រើនទៀត។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានដកស្រង់សម្ដីរបស់លោក Xi ខណៈសរសើរលោកស្រី Carrie Lam ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ដើម្បីទីក្រុងហុងកុងក្នុងការទទួលបានការផ្លាស់ប្ដូរដ៏ធំ ចាប់ពីភាពវឹកវររហូតដល់មានសណ្ដាប់ធ្នាប់ដូចបច្ចុប្បន្ននេះ។ លោកប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ទីក្រុងហុងកុងបានយកឈ្នះលើបញ្ហាប្រឈមនានា និងបានចាប់កំណើតជាថ្មី ហើយនោះបានបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយប្រទេសមួយប្រព័ន្ធដឹកនាំពីរ។
ទីក្រុងហុងកុងត្រូវបានប្រគល់ទៅឲ្យចិនគ្រប់គ្រងពីចក្រភពអង់គ្លេសកាលពីឆ្នាំ១៩៩៧ ជាការបញ្ចប់ការសន្យារយៈពេល ៩៩ឆ្នាំ។ ការប្រារព្ធខួបនេះធ្លាប់ត្រូវបានធ្វើឡើងដោយមានការតវ៉ាជាច្រើន ប៉ុន្តែការតវ៉ាទាំងនោះបានស្ងប់ស្ងាត់ ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ច្បាប់សន្តិសុខកាលពីឆ្នាំ២០២០ ដែលបានបំបិទការជំទាស់។ លោក Xi ក៏គ្រោងនឹងចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រមុខដឹកនាំក្រុងហុងកុងថ្មីលោក John Lee Ka-chiu ផងដែរ៕
អត្ថបទ៖ សុខមាន