ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ រៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងគោលការណ៍ណែនាំ ស្តីពីសុវត្ថិភាពសារធាតុគីមីនៅកន្លែងធ្វើការ។
កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់ប្រទេសកម្ពុជារួមបញ្ចូលព័ត៌មានថ្មីៗ និងអាចរកបានស្ដីពី រចនាសម្ព័ន្ធមូលដ្ឋាននៃសុវត្ថិភាព និងសុខភាពការងារ (OSH) ច្បាប់ ការអនុវត្តច្បាប់ ប្រព័ន្ធសំណងគ្រោះថ្នាក់ការងារ ស្ថិតិ និងសកម្មភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងសុខភាពការងារ។
គោលបំណងនៃកម្រងព័ត៌មាននេះ គឺផ្តល់នូវមូលដ្ឋានសម្រាប់ពិនិត្យមើលភាពខ្លាំង និងបញ្ហាប្រឈមដែលកំពុងកើតមានបច្ចុប្បន្នលើផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេស និងជ្រើសរើសអាទិភាពសម្រាប់សកម្មភាពសុវត្ថិភាព និងសុខភាពការងារនាពេលអនាគត៕




