UN៖ ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បានរិះគន់បណ្ដាប្រទេសអភិវឌ្ឍន៍ ចំពោះការបង្កើតស្តុកវ៉ាក់សាំងបង្ការជំងឺ COVID-19 និងបានអំពាវនាវដល់ប្រទេសទាំងនោះ ឲ្យចែករំលែកចំណែកវ៉ាក់សាំងដែលនៅសេសសល់ដល់ពិភពលោក ដើម្បីជួយគ្នាបញ្ចប់ការឆ្លងរាលដាលជំងឺរាតត្បាតសកល។
លោក Guterres បាននិយាយនៅក្នុងការចាក់បទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យដោយទូរទស្សន៍ CBC របស់ប្រទេសកាណាដាថា លោកព្រួយបារម្ភណាស់ចំពោះការចែកចាយវ៉ាក់សាំង ដោយគ្មានសមធម៌ទៅកាន់ពិភពលោក។ លោកថា វាជាចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាក្នុងការធ្វើឲ្យប្រាកដថា នៅពេលមិនយូរទៀតនេះ និងតាមវិធីស្មើភាព មនុស្សគ្រប់គ្នានឹងទទួលបានវ៉ាក់សាំងគ្រប់ទីកន្លែង ហើយថា វ៉ាក់សាំងទាំងនោះត្រូវគេចាត់ទុកថា ជាឱសថគាំពារសាធារណៈសកលដ៏ពិតប្រាកដ។ ប្រមុខអង្គការសហប្រជាជាតិ បានរិះគន់ពីការគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន នៃបណ្ដាប្រទេសអ្នកមានដែលបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងច្រើន លើសពីតម្រូវការនៃចំនួនប្រជាពលរដ្ឋរបស់ខ្លួន៕
អត្ថបទ៖ សុខមាន